ការលើកកម្ពស់របរចិញ្ចឹមជីវិត និងទីផ្សារផលិតផលសហគមន៍ព្រៃឈើ

ការលើកកម្ពស់របរចិញ្ចឹមជីវិត និងទីផ្សារផលិតផលសហគមន៍ព្រៃឈើ

សេវាកម្ម និងផលិតផលរបស់សហគមន៍ព្រៃឈើ មានសក្តានុពលយ៉ាងខ្លាំងក្នុងការលើកកម្ពស់របរចិញ្ចឹមជីវិត តាមរយៈការអភិវឌ្ឍសហគ្រាសសហគមន៍ឆ្លើយតបទៅនឹងតម្រូវការផ្នែកទីផ្សារ។ ប៉ុន្តែដោយសារសមត្ថភាពនៅមានកម្រិត ការគាំទ្រផ្នែកគោលនយោបាយ និងលក្ខខណ្ឌមួយចំនួន នៅមិនទាន់មានលក្ខណៈពេញលេញ បានបង្ករជាឧបសគ្គដល់សហគមន៍ព្រៃឈើក្នុងការដើរតួនាទីរួមចំណែកកាត់បន្ថយភាពក្រីក្រ​ និងលើកកម្ពស់បរិយាប័ន្នសង្គម។ លើសពីនេះទៀត ការបំលែងដីក្នុងគោលដៅប្រើប្រាស់ផ្សេងៗ និងការផ្តល់ដីសម្បទានក៏បង្ករផលប៉ះពាល់ដល់ប្រជាជនដែលរស់នៅអាស្រ័យផលពីព្រៃឈើផងដែរ។

 

រីខូហ្វបានអភិវឌ្ឍសមត្ថភាពដល់ភាគីអនុវត្តផ្សេងៗមកពី ស្ថាប័នរដ្ឋាភិបាល អង្គការមិនមែនរដ្ឋាភិបាល និងវិស័យឯកជ​ន ដោយផ្តោតលើថាតើត្រូវធ្វើយ៉ាងដូចមេ្តចដើម្បីឲ្យសមាជិកសហគមន៍អាចចូលរួមប្រកបដោយសមធម៌ និងសមភាពនៅក្នុងការប្រកបរបរចិញ្ចឹមជីវិត និងការអភិវឌ្ឍសហគ្រាសជំនួញ ព្រមទាំងទទួលបានផលប្រយោជន៍សេដ្ឋកិច្ច-សង្គមកិច្ច តាមរយៈយុទ្ធសាស្រ្តទីផ្សារ។ យុទ្ធសាស្រ្តនេះបង្ហាញឲ្យឃើញថា នៅពេលដែលសហគមន៍មានអំណាចគ្រប់គ្រាន់ និងសិទ្ធពេញលេញក្នុងការធ្វើសេចក្តីសម្រេចចិត្ត លើការគ្រប់គ្រងដីព្រៃរបស់ពួកគេ ព្រមទាំងលទ្ធភាពអភិវឌ្ឍសេដ្ឋកិច្ច និងការគ្រប់គ្រងព្រៃឈើប្រកបដោយនិរន្តរភាព នឹងជម្រុញឲ្យសហគមន៍អាចអភិវឌ្ឍ និងទាក់ទាញដៃគូជំនួញរបស់ខ្លួនបាន។

 

រីខូហ្វបានផ្តួចផ្តើមឲ្យមានកិច្ចពិភាក្សា រវាងវិស័យឯកជន​ និងសហគ្រាសព្រៃឈើ ដោយកាត់បន្ថយនូវរនាំងបញ្ញាត្តិនានាដែលរាំងស្ទះដល់សហគមន៍ក្នុងការរប្រើប្រាស់ធនធានរបស់ពួកគេប្រកបដោយនិរន្តរភាព។