RECOFTC កម្ពុជា
O Por

ទស្សនកិច្ចសិក្សារបស់សហគមន៍​តំបន់​ការពារ​ធម្មជាតិ​ស្រែព្រះ

រីខូហ្វ សម្រប​សម្រួល​ក្រុម​ជំនួញ​ឬស្សីរបស់​សហគមន៍តំបន់​ការពារ​ស្រែព្រះ អជ្ញាធរ​មូលដ្ឋាន និង​មន្រ្តី​បរិស្ថាន ដើម្បីសិក្សា​ពីបទពិសោធន៍​របស់សហគមន៍ព្រៃឈើ និងតំបន់ការពារធម្មជាតិក្នុងខេត្តកំពង់ធំ និងព្រះវិហារ​​
អ្នកចូលរួមក្នុងកម្មវិធីទស្សនកិច្ចសិក្សា
ទេព ថាវរិន ទីប្រឹក្សាគម្រោង រីខូហ្វ

គម្រោងរបៀងជីវៈចម្រុះមហាអនុតំបន់ទន្លេមេគង្គ ផ្តោតលើការកសាងសមត្ថភាពសម្រាប់​បន្សាំផ្អែក​លើប្រព័ន្ធអេកូឡូស៊ី​នៅក្នុង​អនុគម្រោង ផ្ទៃរង​ទឹកភ្លៀងអូរប៉រ បានរៀបចំទស្សនកិច្ចសិក្សាមួយដែលមាន​អ្នក​ចូលរួម​ចំនួន៣១​នាក់ ស្រ្តី៤នាក់ (គណៈកម្មការ​គ្រប់​​គ្រងសហគមន៍​តំបន់ការពារ​ធម្មជាតិ​ចំនួន​១៥​នាក់ ក្រុម​ជំនួញ​​ឬស្សី​សហគមន៍ចំនួន​៦​នាក់ មេភូមិ​ក្រុម​ប្រឹក្សា​ឃុំ​ និងមន្រ្តី​សាលា​​ស្រុក​កែវ​សីមាចំនួន ៥​នាក់ មន្ត្រីមន្ទីរបរិស្ថានចំនួន​ ៣នាក់ និង​មន្ត្រី​​​អគ្គនាយកដ្ឋាន​​សហគមន៍​មូល​ដ្ឋាន​​ចំនួន ២​នាក់)ទៅ​ខេត្ត​​​កំពង់​ធំ និងព្រះវិហារ ដើម្បីរៀនសូត្រ​ពី​បទ​ពិសោធន៍​នៃការរៀបចំឥណទាន​សហគមន៍​ព្រៃឈើ ការគ្រប់គ្រង​សហគមន៍​ទេសចរ ធម្មជាតិ និងការបែង​ចែក​តំបន់​គ្រប់គ្រងក្នុងដែនជំរកសត្វព្រៃគូលេនព្រហ្មទេព។

ក្នុងរយះពេល ៥​ថ្ងៃ ចាប់ពីថ្ងៃទី ០៨ ដល់ ថ្ងៃទី ១២ ខែ ឧសភា ឆ្នាំ២០១៩ អ្នកចូលរួមនឹងទទួលបាន ១) បទពិសោធន៍នៃការ​ប្រើប្រាស់​ឥណទាន​សហគមន៍ព្រៃឈើផ្សាភ្ជាប់ទៅនឹងការគ្រប់គ្រង សហគមន៍ព្រៃឈើ​ ​ព្រៃ​ក្បាលបី ឃុំទីពោរ ស្រុកសន្ទុក ខេត្តកំពង់ធំ ២) បទ​ពិសោធន៍​ក្នុងការ​គ្រប់គ្រង​សហគមន៍ទេសចរណ៍ធម្មជាតិ របស់​ស​ហគមន៍តំបន់ ការពារធម្មជាតិត្មាតប៉ើយ ឃុំព្រីងធំ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ៣) បទពិសោធន៍នៃការកំណត់​តំបន់​គ្រប់គ្រងដែនជម្រកសត្វព្រៃគូលេនព្រហ្មទេព​ខេត្ត​ព្រះវិហារ​ ៤) យុទ្ធសាស្រ្ត​នៃ​ការ​គ្រប់គ្រងព្រៃសហគមន៍​ដោយនិរន្តរភាពរបស់​សហគមន៍​តំបន់ការពារ​ធម្មជាតិ សំបូរ ឃុំត្រយ៉ង ស្រុកគូលេន ខេត្តព្រះវិហារ ។

អ្នកចូលរួមទទួលបាន​បទពិសោធន៍ជាច្រើន ដើម្បីប្រើប្រាស់​ក្នុងការងារ​គ្រប់គ្រង និងអភិវឌ្ឍន៍​សហគមន៍តំបន់ការពារ។ សម្រាប់​ក្រុមជំនួញឬស្សី បានសិក្សាពីដំណើរការ​នៃការគ្រប់គ្រងទេសចរណ៍ធម្មជាតិ​ ដែលពួកគាត់អាចប្រើប្រាស់បាន​ក្នុងការងារ​គ្រប់គ្រង​ក្រុម​ជំនួញ​របស់​ពួកគាត់​ដែល​កំពុង​ដំណើរការ​ ក្រោមការសម្របសម្រួលរបស់អង្គការRECOFTC, WCS និង​ CRDT។