RECOFTC កម្ពុជា
PAFF

វគ្គបណ្តុះបណ្តាលស្តីពី ការគ្រប់គ្រងស្ថាប័ន ការ​ទុកដាក់​ឯកសារ និង​ការគ្រប់គ្រង​ហិរញ្ញវត្ថុ នៃក្រុម​ឥណទាន​សហគមន៍​ព្រៃឈើ

រីខូហ្វ ក្រោមគម្រោងភាពជាដៃគូព្រៃឈើ និងជលផល បាន​រៀបចំ​វគ្គ​បណ្តុះបណ្តាល​ការ​​ទុកដាក់​ឯកសា និង​គ្រប់គ្រង​ហិរញ្ញវត្ថុ ដល់​គណៈកម្មាការ​​ឥណទាន​សហគមន៍​ព្រៃឈើ​ក្នុង​ខេត្ត​កំពង់ធំ
សិក្ខាកាមចូលរួមក្នុងវគ្គបណ្តុះបណ្តាល
ស៊ន ចាន់សី មន្រ្តីរដ្ឋបាល និងគណនេយ្យ នៃរីខូហ្វ

ឥណទានសហគមន៍ព្រៃឈើ ជាគម្រោងដែលមានលក្ខណៈពិសេសដោយបាន​បង្កើត​ឡើង​ក្នុង​គោលបំណង ដើម្បីគាំទ្រ​ និង​ពង្រឹង​ស្ថាប័ន​សហគមន៍ព្រៃឈើ តាមរយៈលក្ខខណ្ឌនៃការវិភាជឬបែងចែកថវិកាចំណូលពីការប្រាក់ ដើម្បីបំរើ​ឲ្យស្ថាប័ន​សហគមន៍​ព្រៃឈើ ការគ្រប់គ្រង និង​ការ​អភិវឌ្ឍ​ព្រៃសហគមន៍។ ដើម្បីគម្រោងឥណទានសហគមន៍ព្រៃឈើដំណើរការទៅបាន គណៈកម្មការ​ក្រុម​ឥណទាន​ត្រូវបាន​បង្កើត​ឡើង​តាម​សហគមន៍​និមួយៗ ដែល​​តម្រូវ​ឲ្យមាន​ការ​ពង្រឹង​សមត្ថភាពនៃការគ្រប់គ្រងស្ថាប័ន ការទុក​ដាក់​ឯកសារ និង​ការគ្រប់គ្រង​ថវិកា(ការកត់ត្រាបញ្ជីចំណូលចំណាយ ការ​បែងចែកផលប្រយោជន៍) ដើម្បី​ពួកគេមានសមត្ថភាព​គ្រប់គ្រាន់​​ក្នុងការអនុវត្តការងារក្រុម​ឥណទាន​ប្រកប​ដោយ​ប្រសិទ្ធភាព។

ដូចនេះ រីខូហ្វ ក្រោមគម្រោងភាពជាដៃគូព្រៃឈើ និងជលផល បានរៀបចំវគ្គបណ្តុះបណ្តាលរយៈពេល២ថ្ងៃ (២០ និង២១ ខែឧសភា ឆ្នាំ២០១៩) ដល់គកម្មាការឥណទានសហគមន៍ព្រៃឈើចំនួន១២ សរុបចំនួន២០នាក់ ក្នុងខេត្តកំពង់ធំ។  សិក្ខាកាម នឹង​យល់ដឹង​ពីការ​​រៀបចំ​ស្ថាប័ន តួនាទី ភារកិច្ចរបស់គណៈកម្មការ និងសមាជិកក្រុម ព្រមទាំងការគ្រប់គ្រងឯកសារ និងថវិកា សម្រាប់​ការ​គ្រប់គ្រង​​ឥណទាន​សហគមន៍​ព្រៃឈើ។ ​ជាងនេះទៅទៀត សិក្ខាកាមនឹង​មានលទ្ធភាព​គ្រប់គ្រាន់​ក្នុងការ​​យកចំណេះ​ដឹងទៅ​អនុវត្ត​ជាក់ស្តែង អំពីរបៀប​នៃការ​កត់ត្រា​បញ្ជី​ស្នាម ​ថវិកា​កម្ចី និងការរាយការណ៍ពីស្ថានភាពថវិកា។

វគ្គបណ្តុះបណ្តាលនេះ​ មិនត្រឹមតែផ្តល់​ជាទ្រឹស្តី ប៉ុណ្ណោះទេ ប៉ុន្តែក៏ផ្តល់ឳកាស​ឲ្យ​អ្នកចូលរួមបានអនុវត្តសាកល្បងបង្ហាញទៅកាន់​អ្នក​ចូល​រួមទៅវិញទៅមក ដូចនេះ​ពួកគាត់​អាច​យក​ចំណេះដឹងទាំងនេះទៅ​ប្រើប្រាស់​​បានក្រោយពេលវគ្គបណ្តុះ​បណ្តាលត្រូវបាន​បញ្ចប់។