RECOFTC កម្ពុជា
រឿង

ស្រ្តី និងភាពជាអ្នកដឹកនាំ

12 April 2019
ឌី វុទ្ធារ៉ា
ភាព​ខ្លាំង​របស់​ឥណទាន​សហគមន៍​ព្រៃឈើ​បាន​ជម្រុញ​ឲ្យ​ស្រ្តី​មាន​ទំនុក​ចិត្ត​លើ​ខ្លួន​ឯង
Stories of Change

ឥណទានសហគមន៍ព្រៃឈើខ្សាច់លាវ គ្រប់គ្រងអនុវត្តដោយគណកម្មការឥណទានចំនួនបីរូប ដែលជាស្រ្តី ក្នុងនោះមាន លោកស្រី ជួប សារើន ជាប្រធាន លោកស្រី បៅ ផល្លា អនុប្រធាន និងលោកស្រី ឃុត សុម៉ាលី ហិរញ្ញឹក។ ឥណទានសហគមន៍ព្រៃឈើខ្សាច់លាវ ស្ថិតក្នុងឃុំអូរគ្រៀង ស្រុកសំបូរ បានបង្កើត នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៨ ក្រោមការសម្របសម្រូល របស់អង្គការ RECOFTC តាមរយៈ កម្មវិធីភាពជាដៃគូវិស័យព្រៃឈើ និងជលផល ហៅកាត់ថា PaFF។ 

ក្រោយពីក្រុមឥណទានបានអនុវត្តសកម្មភាពរបស់ខ្លួន អស់រយៈពេលបី (៣) ខែរួចមក សមាជិកមួយរូបក្នុងក្រុមមិន​ព្រម​បង់​ការ​ប្រាក់​ជូនក្រុមឥណទានទៅតាមពេលវេលាកំណត់ ជាហេតុនាំឲ្យលោកស្រី ជួប សារើន មានបំណង​ចង់លា​ឈប់​ពី​ប្រធាន​គណៈកម្មាធិការ ដោយក្នុងនោះក៏បានលើកឡើងថា នៅឆ្នាំ២០១៤​ អង្គការ CED បានផ្តល់ថវិកាដល់សហគមន៍ចំនួន៧៥០ដុល្លារ​អាមេរិច សម្រាប់បង្កើតជាគម្រោងប្រាក់សន្សំ តែគម្រោងបានបញ្ចប់ ដោយមិនទាន់បានរៀបចំលក្ខខន្តិកៈ និង​រចនាសម្ព័ន្ធ​គ្រប់គ្រង ថវិកានេះត្រូវបានសមាជិក ១០នាក់ខ្ចី ហើយមិនបានសងមកសហគមន៍វិញនោះទេ ។ 

នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៩ កំឡុងពេលដែល អង្គការរីខូហ្វ បានរៀបចំវគ្គបណ្តុះបណ្តាល ស្តីពីការទុកដាក់ឯកសារ និង​ការ​គ្រប់គ្រង​ហិរញ្ញវត្ថុឥណទានសហគមន៍ព្រៃឈើ  បញ្ហានេះត្រូវបានលើកឡើង និងពិភាក្សា ហើយប្រធានគណកម្មការឥណទាន បានស្នើ​សុំ​ការ​សម្របសម្រួលពីអង្គការរីខូហ្វ។ បន្ទាប់មក នៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៩ អ្នក​សម្រប​សម្រួល​ភាព​ជាដៃគូ​សហគមន៍​ព្រៃឈើ​ប្រចាំ​ខេត្តក្រចេះរបស់អង្គការរីខូហ្វ បានរៀបចំកិច្ចប្រជុំមួយផ្សេងទៀតដោយអញ្ជើញសមាជិកឥណទានសហគមន៍ព្រៃឈើ រួមទាំង​សមាជិក​ដែលបានខ្ចីប្រាក់តាំងពីឆ្នាំ២០១៤ ចូលរួម។ ជាលទ្ធផល អង្គប្រជុំបានលើកឡើងថា វាជារឿង​អយុត្តិធម៌​សម្រាប់​សមាជិក​សហគមន៍​ព្រៃឈើជាងមួយរយគ្រួសារទៀត ប្រសិនបើបា្រក់ ៧៥០ ដុល្លារ នោះត្រូវបានបាត់បង់មែន ហើយ​ពួកគាត់​នឹង​ធ្វើការ​ទាមទារ​ជាផ្លូវការនៅពេលឆាប់ៗខាងមុខនេះ ពីព្រោះវាអាចជាគំរូអាក្រក់ដល់ក្រុមឥណទានថ្មីនេះផងដែរ។ លុះមកដល់ថ្ងៃទី១០ ខែ​មីនា ឆ្នាំ២០១៩ ដែលជាថ្ងៃកំណត់បង់ការប្រាក់របស់ក្រុមឥណទាន អ្នកជំពាក់ប្រាក់ពីឆ្នាំ២០១៤បានយកប្រាក់មកសងដល់ក្រុម សរុប​បាន​ចំនួន ៥៥០ ដុល្លារអាមេរិក ដោយ២០០ដុល្លារទៀត នៅនឹងប្រធាន គគស ចាស់ ដែលបានស្លាប់ទៅកាលពី ៣ឆ្នាំមុន។ តាមរយៈ​កិច្ចប្រជុំបន្ទាប់មកទៀត ក្រុមឥណទានសហគមន៍ព្រៃឈើ បានសម្រេចមិនទាមទារថវិកាពីប្រធាន គគស ចាស់ និង​បញ្ចូល​ថវិកាដែលទទួលបានជាដើមទុនសម្រាប់ក្រុមឥណទានសហគមន៍ព្រៃឈើ។

ការៀបចំឯកសាខ្ចីប្រាក់របស់ឥណទានសហគមន៍ព្រៃឈើខ្សាច់លាវ
លោកស្រី ជួប សារើន រៀបចំឯកសាខ្ចីប្រាក់សម្រាប់សមាជិកឥណទានសហគមន៍ព្រៃឈើ

លោកស្រី ជួប សារើន បានលើកឡើងថា វាហាក់ដូចជាការយល់សប្តិអញ្ចឹង ...ខ្ញុំរៀប​នឹងធ្វើលិខិតលាលែង​ពីប្រធាន​ឥណទាន​សហគមន៍ព្រៃឈើទៅហើយ ...[ដោយ]ខ្ញុំភ័យ និងបាក់ទឹកចិត្តខ្លាំង ប៉ុន្តែពេលនេះអ្វីៗធូរស្រាលអស់ហើយ ខ្ញុំ​សប្បាយ​ចិត្តណាស់ ហើយរឹតតែធ្វើឲ្យខ្ញុំមានកម្លាំងចិត្តចង់បន្តមុខងារនេះជាបន្តទៀត និងប្តេជ្ញា​បំពេញ​តួនាទីនេះ​យ៉ាង​ប្រុងប្រយ័ត្ន​ដើម្បីទទួលបានជោគជ័យបន្ថែមទៀតនាពេលខាងមុខ។

ក្រៅ​ពីដើរតួនាទីសំខាន់ក្នុងការពង្រឹងស្ថាប័នសហគមន៍ព្រៃឈើ (ស.ព) ជាពិសេសជួយដល់គណៈកម្មការគ្រប់គ្រងសហគមន៍ព្រៃឈើ ក្នុងការបំពេញតួនាទីស្របទៅតាមបទបញ្ជាផ្ទៃក្នុង និង លក្ខន្តិកៈ ដោយជំរុញការចូលរួមរបស់សមាជិក តាមរយៈ​ការវិភាជឬផ្តល់​ថវិកាពីគម្រោងឥណទាន គាំទ្រដល់សកម្មភាពគ្រប់គ្រងព្រៃសហគមន៍ ឥណទានសហគមន៍ព្រៃឈើបាន​ជម្រុញ​ការចូលរួមពីស្រ្តី ឲ្យស្ថិតក្នុងតួនាទីដែលត្រូវធ្វើសេចក្តីសម្រេចចិត្ត។