RECOFTC កម្ពុជា
រឿង

ឥណទានសហគមន៍​ព្រៃឈើ​ក្នុង​ប្រទេស​កម្ពុជា​​បើក​ឳកាស​​ឲ្យ​ស្រ្តី​បាន​​ចូលរួ​ម​​ក្នុង​អភិបាលកិច្ច​ ការការពារព្រៃឈើ និងបញ្ឈប់បទល្មើស​ព្រៃឈើ​

Dy Vutheara and Jeffrey Williamson
Talk of the Forest
Community-led credit scheme in Cambodia opens space for women to participate in forest governance, protecting the forest and stopping illegal logging

ក្នុងប្រទេសកម្ពុជា វាជារឿងធម្មតា​ដែលបុរស​ចូលរួមក្នុងការគ្រប់គ្រង​ព្រៃឈើ និងធនធានធម្មជាតិ។ នេះ​ដោយសារ​តែ​កន្លង​មក​​សម្លេង​ស្រ្តី​ត្រូវ​បាន​គេ​បដិសេដ​ក្នុង​ដំណើរការ​នៃការធ្វើការសម្រេចចិត្ត ទោះបី​ស្រ្តី​មាន​ចំណេះដឹងយ៉ាងច្រើន​ពាក់ព័ន្ធនឹង​តំបន់ទេសភាព​ដែល​ពួក​គេ​​រស់នៅ។  

បច្ចុប្បន្ននេះ ឥណទាន​សហគមន៍​ព្រៃឈើ​ បាន​បង្កើត​ឳកាសឲ្យស្រ្តី​ចូលរួមក្នុងដំណើរការ​នៃការសម្រេចចិត្តពី​ការ​គ្រប់គ្រងព្រៃឈើ។ បទពិសោធន៍​​នេះ ស្របគ្នានឹងការ​រកឃើញរបស់ការ​ស្រាវជ្រាវមួយ ដែលបង្ហាញថា ការបង្កើនការ​ចូលរួម​របស់ស្រ្តីក្នុង​ការ​ងារព្រៃឈើ គឺជួយ ពង្រឹងការគ្រប់គ្រង និងបង្កើនការអភិរក្ស ព្រមទាំង​ជួយ​ដល់​ចីរភាព​ជីវភាពផងដែរ។  នេះគឺ​ដោយសារ​ស្រ្តីមាន​ជំនាញដែល​មិនទាន់​បាន​ទាញយក​មកប្រើប្រាស់សម្រាប់ការគ្រប់គ្រង​ធនធាន​​ធម្មជាតិដោយនិរន្តរភាព។ 

ឥណទាន​សហគមន៍ព្រៃឈើ​ចាប់ផ្តើមក្នុងឆ្នាំ២០១៥ ដោយធ្វើការ​សាកល្បងជាមួយសហគមន៍ព្រៃឈើ​ចំនួន ០៥ ក្នុងតំបន់ទេសភាព​ព្រៃឡង់ ដែល​ជាជម្រកសត្វព្រៃដ៏សំខាន់​មួយក្នុងតំបន់អាស៊ី។ បច្ចុប្បន្ន ឥណទានសហគមន៍ព្រៃឈើបាន​ពង្រីកទៅសហគមន៍ចំនួន២១ ហើយកំពុងបន្ត​ពង្រីក​ខ្លួន​បន្ថែម​ទៀត។ 

Patrolling
លោកស្រី ឡុក ឡៃសឿង និងសមាជិកសហគមន៍ដទៃទៀត ធ្វើការល្បាតដោយប្រើប្រាស់ថវិការ​ពីឥណទានសហគមន៍ព្រៃឈើ

កម្មវិធីនេះ បានផ្តល់​ថវិការ​ដល់សមាជិកសហគមន៍យកទៅប្រើប្រាស់​ក្នុងតំបន់ទេសភាពរបស់​ពួកគេ។ សមាជិក​សហគមន៍​ អាច​សម្រេចចិត្ត​ក្នុង​ការ​ប្រើប្រាស់​ថវិកាដែលទទួលបានពីកម្មវិធីនេះ ឧទាហរណ៍ សហគមន៍ខ្លះផ្តល់អាទិភាព​ក្នុង​ការប្រើប្រាស់​ថវិការនេះ​សម្រាប់ការល្បាត ដើម្បីបញ្ឈប់​បទល្មើសព្រៃឈើ។  

កម្មវិធីឥណទាននេះ គឺ​ជាកម្មវិធីមួយ ដែល​បានផ្តល់ថវិកាដល់​សហគមន៍យកទៅប្រើប្រាស់ក្នុងការគ្រប់គ្រងព្រៃឈើរបស់ពួកគេ។ ពិសេស ជាង​៥០% នៃសមាជិក ចំនួន៧៤២នាក់ ជាស្រ្តី។ 

ចំនួនស្រ្តីចូលរួមមានការកើនឡើង ត្រូវបានបង្ហាញយ៉ាងច្បាស់នៅសហគមន៍ព្រៃត្បូងដំរី ដែលមានចម្ងាយ១៥គីឡូម៉ែត្រពីទីរួមខេត្តកំពង់ធំ ក្រុងស្ទឹងសែន។ ខណៈដែល​គណៈកម្មាការ​សហគមន៍ព្រៃឈើភាគច្រើនជាបុរស គណៈកម្មាការ​គ្រប់គ្រង​ឥណទាន​មាន​ស្រ្តី​ស្ថិត​ក្នុង​ជួរ​អ្នក​ដឹកនាំ។ 

Lok Lai Seurng
លោកស្រី ឡុក ឡៃសឿង មាន​ប្រសាសន៍​ថា ឥណទាន​សហគមន៍​ព្រៃឈើ​​បាន​ផ្តល់​ផល​ប្រយោជន៍​ដល់​សហគមន៍​របស់​លោកស្រី

“នៅពេលស្រ្តីចូលរួមក្នុងឥណទានសហគមន៍ព្រៃឈើ ពួកគេ​បាន​ចូលរួម​​ច្រើន​ក្នុងដំណើរ​ការ​​គ្រប់គ្រងសហគមន៍ ” លោកស្រី ឡុក ឡៃសឿង មានប្រសាសន៍បែបនេះ។  “នេះ​ដោយសារ​តែ​ពួកគេ​ទទួល​បាន​ព័ត៌មាន​ពី​អ្វី​ដែលបាន​កើតឡើង និង​អាច​សម្រេចចិត្ត​ថា​តើថវិកា​​បានពីឥណទានគួរ​តែ​ប្រើប្រាស់​បែប​ណា​ក្នុង​ការ​គ្រប់គ្រង​ព្រៃឈើ” ។

លោកស្រី ឡុក ឡៃសឿង និងសមាជិកសហគមន៍ដទៃទៀត មើល​ឃើញថា​ការល្បាតព្រៃគឺជាសកម្មភាពអាទិភាព។ 

“បច្ចុប្បន្ន​យើង​មានថ​វិកាផ្តល់ជូន​អ្នកទៅ​ល្បាត​ព្រៃ​​សហគមន៍” លោកស្រី និយាយពីថវិកា​​បាន​​ពី​​ឥណទាន​សហគមន៍ព្រៃឈើ 

ការផ្លាស់ប្តូរ​នេះ​បាន​ជួយ​ដល់​​ការ​គ្រប់គ្រង​ព្រៃឈើ និង​បង្កើន​ចំណូល​ដល់សមាជិកផងដែរ។  

“ព្រៃឈើ​របស់​យើង​មាន​​ភាព​ល្អ​ប្រសើរ” នេះជា​សំដី​របស់លោក ហេង ទាន់ ប្រធាន​ក្រុម​ឥណទាន​សហគមន៍ព្រៃឈើ។ “បច្ចុប្បន្ន​មិន​មាន​សកម្មភាព​បទល្មើសព្រៃឈើ​ទៀតឡើយ ដោយសារ​យើង​មាន​ក្រុម​ល្បាត​ដែល​រឹងមាំ” 

រីខូហ្វ បង្កើតឥណទានសហគមន៍ព្រៃឈើ តាមរយៈ​កិច្ច​សហការ​ជា​មួយ​រដ្ឋបាល​ព្រៃឈើ ក្រោម​ជំនួយ​ឧបត្ថម្ភ​ពី​ទីភ្នាក់ងារ​ស្វីស​សម្រាប់​កិច្ច​សហប្រតិបត្តិការ និង​ការ​អភិវឌ្ឍ។ សកម្មភាព​នេះ​កំពុង​បន្ត តាមរយៈ​គម្រោង​ភាព​ជា​ដៃគូ​ព្រៃឈើ និង​ជលផល ដំណាក់កាល​ទី​IIដែល​ទទួល​បាន​ថវិកា​ពី​ទីភ្នាក់ងារ​ស្វីស​សម្រាប់​កិច្ចសហប្រតិបត្តិការ និង​ការ​អភិវឌ្ឍ ។