អ្នកតំណាងសហគមន៍ព្រៃឈើ៖ សហគមន៍ព្រៃឈើព្រៃក្បាលបីឈ្នះពានរង្វាន់វេទិកាកសិករឆ្នើមក្នុងប្រទេសកម្ពុជា

 

ដោយ ឌី វុទ្ធារ៉ា

មន្រ្តីទំនាក់ទំនង, រីខូហ្វ ប្រចាំប្រទេសកម្ពុជា រីខូហ្វ-មជ្ឈមណ្ឌលមនុស្ស និងព្រៃឈើ

ធនធានព្រៃឈើ បានរួមចំណែកជួយដល់ជីវភាពប្រជាជនក្នុងសហគមន៍ព្រៃក្បាលបី ស្ថិតក្នុងឃុំទីពោ តាំងពីយូរណាស់មកហើយ។ ជាងនេះទៅទៀត ព្រៃសហគមន៍ព្រៃក្បាលបីដែលមានទំហំ៧៦១ហិចតា ក្នុងខេត្តកំពង់ធំ គឺបានផ្តល់ជាប្រព័ន្ធអេកូឡូស៊ី ដែលជាទីជម្រករបស់សត្វព្រៃជាច្រើនប្រភេទ ដូចជា ជ្រូកព្រៃ ពពួកបក្សី ដែលអាចទាក់ទាញភ្ញៀវទេសចរណ៍មកទស្សនាទៀតផង។ ព្រៃនេះ បានការពារ ដោយសមាជិកចំនួន​៦១គ្រួសារ ដែលរស់នៅក្នុងតំបន់នោះ ហើយបានធ្វើការគ្រប់គ្រងដោយនិរន្តរភាពតាមរយៈការបែងចែកព្រៃសហគមន៍ជាបួនតំបន់គឺ តំបន់ដាំស្តារព្រៃឈើឡើងវិញ តំបន់អភិរក្ស តំបន់ប្រមូលអុស និង តំបន់ប្រមូលបង្គោល។ ការគ្រប់គ្រងបូករួមនឹងការខំប្រឹងប្រែងរបស់សហគមន៍មិនត្រឹមតែបាន​ការពារព្រៃសហគមន៍ឲ្យនៅគង់វង្សប៉ុណ្ណោះទេ ប៉ុន្តែ​ព្រៃសហគមន៍ក៏បានផ្តល់ជា ធនធានដល់សមាជិកប្រើប្រាស់សម្រាប់ដោះស្រាយជីវភាពរបស់ពួកគាត់ផងដែរ។

 

គ្មានអ្នកណាអាចជួយសម្របសម្រួលលើការងារគ្រប់គ្រងក្នុងសហគមន៍នេះបានល្អដូចលោក ឃួន ម៉ុន ប្រធានគណៈកម្មការគ្រប់គ្រងសហគមន៍ព្រៃឈើឡើយ ដោយលោកបានធ្វើ​ការយ៉ាងជិតស្និទ្ធ ជាមួយនឹង សមាជិក របស់ខ្លួន ព្រមជាមួយនឹងអង្គការរីខូហ្វ មជ្ឈមណ្ឌលមនុស្ស និងព្រៃឈើ អស់រយៈពេលជាង១០ឆ្នាំមកហើយ តាមរយៈគម្រោងមួយចំនួន ហើយថ្មីៗនេះរីខូហ្វ បានធ្វើការជា មួយលោក ឃួន ម៉ុន និង     គណៈកម្មាការ គ្រប់គ្រងសហគមន៍ព្រៃឈើលើគម្រោងសាកស្បងការតាមដាន និងវាយតម្លៃដោយមានការចូលរួម ពីសហគមន៍ដើម្បីដឹងពីវឌ្ឍនភាព នៃកិច្ចការក្នុងសហគមន៍របស់ពួក គាត់។ គម្រោងនេះ គឺជាផ្នែកមួយ ពាក់ព័ន្ធជាមួយ គម្រោងជាច្រើនដែលរីខូហ្វ បានជួយគាំទ្រដល់សហគមន៍ព្រៃឈើរួមមានគម្រោង SFMRLE (ក្រោមការឧបត្ថម្ភពីសហភាពអ៊ឺរ៉ុប)[i], PAFF (ក្រោមការ ឧបត្ថម្ភពី SDC)[ii], SRJS (ក្រោមការឧបត្ថម្ភពី IUCN Netherlands)[iii], និង SMCF - ICFMP (ក្រោមការឧបត្ថម្ភ​ពី Sida តាមរយៈ Forum Syd)[iv] ដែលគម្រោងទាំងនោះផ្តោតលើ ការបង្កើតសហគមន៍ ព្រៃឈើឲ្យមានភាពស្របច្បាប់ និងអនុវត្តផែនការគ្រប់គ្រងព្រៃ សហគមន៍ និងការជួយបង្កើតជាក្រុមឥណទានដើម្បីគាំទ្រដល់ការអនុវត្តផែនការគ្រប់គ្រង សហគមន៍ព្រៃឈើ ដែលសមាជិកសហគមន៍ អាចទទួលបាននូវសេវាឥណទានក្នុងអត្រាការប្រាក់ទាប និងងាយស្រួល ហើយ ស្ថាប័នសហគមន៍ព្រៃឈើទទួលបាននូវចំណូលសម្រាប់ប្រើប្រាស់លើការងារគ្រប់គ្រងសហគមន៍ព្រៃឈើ ។  

រីខូហ្វ តាមរយៈការច្នៃប្រឌិតរបស់សហគមន៍ផ្ទាល់ បានជួយលើផ្នែកច្បាប់ និងការកសាងសមត្ថភាព ក្នុងគោលបំណងពង្រឹងសម្លេងរបស់ពួកគាត់ ដើម្បីអាចឲ្យពួកគាត់ ចូលរួមក្នុង ការងារសហគមន៍ ព្រៃឈើនៅថ្នាក់ជាតិ និង ថ្នាក់អន្តរជាតិ។ ហើយតាមរយៈនេះ យើងសង្កេតឃើញ​ថាបច្ចុប្បន្នគណៈកម្មាការគ្រប់គ្រងសហគមន៍ព្រៃឈើ និងសមាជិកសហគមន៍ព្រៃឈើ បានចូលរួមយ៉ាងសកម្ម ក្នុង ដំណើរការសម្រេចចិត្ត ដែលពាក់ព័ន្ធនឹងការគ្រប់គ្រងធនធានព្រៃឈើក្នុងប្រទេសកម្ពុជា។ សម្រាប់កម្ពុជា ការលើកកម្ពស់សមត្ថភាពរបស់សហគមន៍ព្រៃឈើ គឺជារឿងសំខាន់ណាស់ ប្រសិន បើរាជរដ្ឋាភិ បាលចង់សម្រេចឲ្យបាននូវគោលដៅ ក្នុងការបង្កើនគម្របព្រៃឲ្យដល់៦០%នៃផ្ទៃដីទូទាំងប្រទេសនៅឆ្នាំ២០២៩ ស្របតាមកម្មវិធីព្រៃឈើជាតិ ឆ្នាំ២០១០ ដល់ឆ្នាំ២០២៩។ ក្នុងឆ្នាំ១៩៦៣ ប្រទេសកម្ពុជា គ្របដណ្តប់ដោយដីព្រៃប្រមាណ ៧៣% ប៉ុន្តែបន្ទាប់ពីសង្រ្គាមស៊ីវិល ការផ្តល់ព្រៃសម្បទានបានកើតឡើងក្នុងគោលបំណងជួយដល់សេដ្ឋកិច្ចជាតិ ប៉ុន្តែដោយលក្ខខ័ណ្ឌក្នុងពេលនោះ ការកាប់ បំផ្លាញ ព្រៃឈើអនាធិបតេយ្យមានការកើនឡើងយ៉ាងខ្លាំង ហើយមកទល់ឆ្នាំ២០១៤ ផ្ទៃដីព្រៃមានត្រឹមតែ ៤៩.៤៨%នៃផ្ទៃប្រទេសតែប៉ុណ្ណោះបើយោង​តាមទិន្នន័យរបស់រដ្ឋបាលព្រៃឈើ។

ដោយឃើញពីភាពចាំបាច់នៃការចូលរួមរបស់សហគមន៍ព្រៃឈើក្នុងការគ្រប់គ្រងព្រៃឈើ  រាជរដ្ឋាភិបាល ដោយមានក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាសេនាធិកា បានដាក់បញ្ចូលនូវវិញាសារស្តី ពីការគ្រប់គ្រងសហគមន៍ព្រៃឈើ ក្នុងវេទិកាកសិករឆ្នើមជាលើកដំបូងនៅក្នុងឆ្នាំ២០១២។ វេទិកាកសិករឆ្នើម ដែលរៀបចំជារៀងរាល់ឆ្នាំដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ គឺបង្កើតឡើងដើម្បីបើកឳកាសដល់ប្រជាជនមូលដ្ឋានឲ្យចូលរួមចែករំលែកភាពជោគជ័យរបស់ពួកគាត់ និងកសាងបណ្តាញរវាងគ្នានឹងគ្នាដើម្បីឲ្យពួកគាត់កាន់តែរឹងមាំ។ ក្នុងនោះលោក ឃួន ម៉ុន បានជាប់ជាបេក្ខជនតំណាងសហគមន៍ព្រៃឈើចូលរួមក្នុងវេទិកានេះ ក្រោយពីបានជាប់ការប្រលងនៅថ្នាក់ខេត្ត និងពាក់កណ្តាលផ្តាច់ព្រ័តដែលមានអ្នកចូលរួមមកពីបណ្តាខេត្តនានាទៀត។

 

សម្រាប់លោកឃួន ម៉ុន ព្រឹត្តការណ៍នេះមិនមែនជាការប្រកួតប្រជែងជាមួយអ្នកណាឡើយ ប៉ុន្តែវាជាការចែករំលែកព័ត៌មានពី​ការអនុវត្តល្អ ក្នុងការគ្រប់គ្រងព្រៃឈើ ពិសេសការដាំស្តារព្រៃឡើងវិញ ដែល បានរួមចំណែកដល់គោលដៅថ្នាក់ឃុំ និងថ្នាក់ជាតិផងដែរ។ ការដាំដើមឈើឡើងវិញនេះ នឹងជួយបង្កើនផលប្រយោជន៍ជូនដល់សមាជិកសហគមន៍ព្រៃឈើ និងស្ថាប័នសហគមន៍ព្រៃឈើទាំងមូល តាម រយៈយន្តកាបែងចែកផលប្រយោជន៍ដោយសមធម៌ ពិសេសនៅពេលប្រមូលផលឈើដាំ។ ចំណុចមួយទៀត ដែលលោក ឃួន ម៉ុន បានចែករំលែកក្នុងវេទិកានោះគឺ ភាពចម្រុះនៃ ការគ្រប់គ្រងរបស់ សហគមន៍លើព្រៃ​សហគមន៍។ ការគ្រប់គ្រងការពារព្រៃឈើ និងការដាំឈើឡើងវិញនឹងមិនត្រឹមតែរួមចំណែកដល់គោលដៅរបស់ជាតិប៉ុណ្ណោះទេ ប៉ុន្តែនឹងជួយថែរក្សានូវផលប្រយោជន៍ដែលសហគមន៍ ទទួលបានសេវាពីព្រៃឈើសម្រាប់ជីវភាពប្រចាំថ្ងៃរបស់ពួកគាត់ផងដែរ។ សារទាំងនេះ បានធ្វើឲ្យគណៈកម្មាការសម្រេចឲ្យលោក ឃួន ម៉ុន បានជាប់ចំណាត់ថ្នាក់លេខ១ ក្នុងចំណោមបេក្ខជនប្រាំរូប ដែល ធ្វើឲ្យលោកបាននាំយកនូវពាន​កិត្តិយសលេខ១ ទៅឲ្យសមាជិកសហគមន៍ព្រៃឈើ និងអាជ្ញាធរមូលដ្ឋាន។ 

តាមរយៈការចូលរួមក្នុងវេទិកា និងការទទួលបាននូវជ័យលាភីនេះ លោកឃួន ម៉ុន បានបញ្ជាក់ថា វេទិកានេះលោកអាចកសាងទំនុកចិត្តក្នុងការធ្វើបទបង្ហាញ និងការចែករំលែកនូវការអនុវត្តល្អ របស់ សហគមន៍ព្រៃឈើ នៅក្នុងកម្មវិធីដែលមានអ្នកចូលរួមច្រើន និងជាមួយមន្រ្តីរដ្ឋាភិបាល ព្រមទាំងបង្កើនភាពជាអ្នកដឹកនាំរបស់គាត់ផងដែរ។ សម្រាប់ជ័យលាភីលេខ១ នេះ សហគមន៍ព្រៃឈើ ព្រៃក្បាល បីទទួលបាននូវគោយន្ត១គ្រឿង ប័ណ្ណសរសើរ និងថវិកាចំនួន១ លានរៀល។ គាត់ក៏បានបញ្ជាក់ដល់សមាជិកទាំងអស់ថា គោយន្តនេះគឺជាកម្មសិទ្ធរបស់សមាជិកគ្រប់គ្នា ដូចនេះពួកគាត់អាចមានសិទ្ធ ស្នើសុំយកទៅប្រើប្រាស់ទៅតាមតម្រូវការរបស់ខ្លួន។ ជារួម វេទិកានេះគឺបង្ហាញពីភាពជោគជ័យថ្មីមួយទៀតសម្រាប់សហគមន៍ព្រៃឈើក្នុងប្រទេសកម្ពុជា!

 

[i] ការគ្រប់គ្រងព្រៃឈើដោយនិរន្តរភាព និងការលើកកម្ពស់ជីវភាពប្រជាជនមូលដ្ឋានតាមរយៈសហគមន៍ព្រៃឈើ និងរេដក្នុងប្រទេសកម្ពុជា ក្រោមជំនួយឧបត្ថម្ភពីសហភាពអ៊ឺរ៉ុប

[ii] ភាពជាដៃគូនៃព្រៃឈើ និងនេសាទ ក្រោមជំនួយឧបត្ថម្ភពីទីភ្នាក់ងារស្វីសសម្រាប់កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ

[iii] ធនធានរួម ដំណោះស្រាយរួម ក្រោមជំនួយឧបត្ថម្ភពីសហភាពអន្តរជាតិដើម្បីការអភិរក្សធម្មជាតិ, ណូវេលសេឡង់

[iv] ការគ្រប់ដោយមាននិរន្តរភាពនៃសហគមន៍ព្រៃឈើតាមរយៈការអនុវត្តផែនការគ្រប់គ្រង ក្រោមជំនួយឧបត្ថម្ភពី Sida, ភ្នាក់ងារស្វីសសម្រាប់កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ តាមរយៈ​អង្គការ Forum Syd  

 

June, 2018