RECOFTC Cambodia
Stories

ភាពខ្លាំងនៃឥណទាន​សហគមន៍​ព្រៃឈើ

ថាច់ មេត្រី អ្នកសម្របសម្រួលគម្រោងប្រចាំខេត្តក្រចេះ
ជោគជ័យនៃឥណទានសហគមន៍ព្រៃឈើ លើកទឹកចិត្តស្ត្រីឲ្យបន្តធ្វើជាអ្នកដឹកនាំ
Notes from the Field
គណៈកម្មាការឥណទានសហគមន៍

ឥណទានសហគមន៍ព្រៃឈើផ្តួចផ្តើមឡើង ក្នុងគោលបំណងចម្បងបំផុតគឺ គាំទ្រដល់សហគមន៍ព្រៃឈើ​ឲ្យមាន​ចំណូល​សម្រាប់​ដំណើរការ​ស្ថាប័នមួយនេះដោយខ្លួនឯង នៅពេលដែលមិនមានថវិកាពីអ្នកខាងក្រៅ ។ នៅឆ្នាំ២០១៤ អង្គការរីខូហ្វ សហការ​ជាមួយ​ខណ្ឌ​រដ្ឋបាលព្រៃឈើកំពង់ធំ រៀបចំទស្សនទានឬគោលគំនិតនៃគម្រោងឥណទានដើម្បីគាំទ្រដល់ការគ្រប់គ្រង ស.ព ហើយក្នុងឆ្នាំ២០១៥ ទស្សនទាននេះបានធ្វើការសាកល្បងនៅ ស.ព ចំនួន ៥ ក្នុងខេត្តកំពង់ធំ ។ ផ្អែកលើលទ្ធផល​ជាវិជ្ជមាននៃការសាកល្បង​គម្រោង​ឥណទាន ស.ព និងមានការចូលរួមកែលម្អពីអ្នកពាក់ព័ន្ធ តាមរយៈកិច្ចប្រជុំបណ្តាញ ស.ព និង កិច្ចប្រជុំរបស់គណៈកម្មការ​សម្រប​សម្រួលកម្មវិធី ស.ព ថ្នាក់ខេត្ត អង្គការ រីខូហ្វដោយមានថវិកាគាំទ្រពីគម្រោង PaFF និង SRJS បានពង្រីក ការអនុវត្ត​គម្រោង​ឥណទាន ស.ព ទៅដល់ ស.ព នៅក្នុងខេត្តក្រចេះ និងស្ទឹងត្រែង ។ គិតត្រឹមចុងឆ្នាំ២០១៨ មាន ស.ព `សរុបចំនួន២១ កំពុង​ដំណើរការបង្កើត និងអនុវត្តគម្រោងឥណទាន ក្នុងនោះ ស.ព ចំនួន១១កំពុងអនុវត្តគម្រោងឥណទាន និងស.ព ចំនួន១០កំពុងដំណើរ​ការបង្កើតគម្រោងឥណទាន។ ដោយឡែកសម្រាប់ខេត្តក្រចេះមានឥណទានសហគមន៍ព្រៃឈើចំនួន ៨ សហគមន៍ កំពុងដំណើរការ ។ 
    
កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៨ ក្រោមការសម្របសម្រូល របស់អង្គការ RECOFTC តាមរយៈ កម្មវិធីដៃគូវិស័យព្រៃឈើ និងជលផល ហៅកាត់ថា PaFF ដែលជាជំនួយបដិភាគរបស់ទីភ្នាក់ងារសហប្រតិបត្តិការប្រទេសស្វីស បាន​រៀបចំបង្កើត​ឥណទាន​សហគមន៍​ព្រៃឈើ​ខ្សាច់លាវ ស្ថិតក្នុងឃុំអូរគ្រៀង ស្រុកសំបូរ ដោយផ្តល់ថវិកាចំនួន ១០០០ដុល្លារសម្រាប់ធ្វើជាដើមទុនដំបូង ។ ប៉ុន្តែ​ក្នុង​ដំណើរការ​ពិភាក្សាបង្កើតគម្រោងឥណទាន គេបានរកឃើញថា អង្គការ CED ក្នុងកំឡុងឆ្នាំ២០១៤ បានផ្តល់​ថវិកា​ដល់​សហគមន៍​ចំនួន​៧៥០ដុល្លា សម្រាប់បង្កើតជាគម្រោងប្រាក់សន្សំ តែដោយសារគម្រោងរបស់អង្គការ CED បានបញ្ចប់ ដោយ​មិនទាន់​បានរៀប​ចំ​លក្ខខន្តិកៈ និងរចនាសម្ព័ន្ធគ្រប់គ្រង ថវិកានេះត្រូវបានសមាជិក ១០នាក់ខ្ចី ហើយមិនបានសងមកសហគមន៍វិញនោះទេ។ ជាងនេះទៅទៀត ក្រោយពីក្រុមឥណទានបានអនុវត្តសកម្មភាពរបស់ខ្លួន អស់រយៈពេលបី (៣) គណកម្មការឥណទាន​សហគមន៍​ព្រៃឈើ​ខ្សាច់លាវ ដែលមានសមាសភាពបីរូប បង្កើតឡើងតាមរយៈការបោះឆ្នោតគាំទ្រពីសមាជិកឥណទាន ក្នុងនោះមាន លោកស្រី ជួប សារើន ជាប្រធាន លោកស្រី បៅ ផល្លា អនុប្រធាន និងលោកស្រី ឃុត សុម៉ាលី ហិរញ្ញឹក បានជួបនូវបញ្ហាសមាជិកមួយរូប មិន​ព្រម​បង់ការប្រាក់ជូនក្រុមឥណទានតាមពេលវេលាកំណត់ ។
ដូចនេះ​ដោយខ្លាចបាត់បង់ថវិកាដើមទុនឥណទាន លោកស្រី ជួប សារើន បានចេញប្រាក់ផ្ទាល់ខ្លួន បង់ការ​ប្រាក់​ជំនួស​សមាជិក​ដែល​មិនគោរពតាមលក្ខន្តិកៈឥណទានអស់រយៈពេល ២ខែ ករណីនេះ បានធ្វើឲ្យលោកស្រីមានការបាក់ទឹកចិត្ត និងចង់​លា​ឈប់​ពី​ប្រធាន​គណៈកម្មការឥណទាន ដោយគិតថានេះមិនមែនជាលើកទីមួយទេ គឺដូចកាលពីឆ្នាំ២០១៤ ដែលថវិកាពីអង្គការ CED ត្រូវបានសមាជិក និងគណៈកម្មការគ្រប់គ្រងសហគមន៍ព្រៃឈើ ខ្ចីទៅអស់ដោយមិនបានសងវិញរហូតសព្វថ្ងៃ។

គណៈកម្មាការក្រុមឥណទានសហគមន៍ព្រៃឈើខ្សាច់លាវ
សកម្មភាពរបស់គណៈកម្មការឥណទានសហគមន៍ព្រៃឈើខ្សាច់លាវក្នុងការគ្រប់គ្រងឥណទាន

ហើយនៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៩ អង្គការរីខូហ្វ បានរៀបចំវគ្គបណ្តុះបណ្តាលមួយ ស្តីពី ការទុកដាក់ឯកសារ និងការ​គ្រប់គ្រង​ហិរញ្ញវត្ថុឥណទានសហគមន៍ព្រៃឈើ នៅសណ្ឋាគារ ហ៊រ ប៊ុន្នី ខេត្តក្រចេះ ករណីនេះត្រូវបានលើកឡើង និងពិភាក្សា។ ក្នុងនោះ​ប្រធាន​គណៈកម្មការឥណទាន បានស្នើសុំការសម្របសម្រួលពីអង្គការរីខូហ្វ។ បន្ទាប់មក នៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៩ អ្នកសម្របសម្រួល​ភាពជា​ដៃគូសហគមន៍ព្រៃឈើប្រចាំខេត្តក្រចេះ តំណាងអង្គការរីខូហ្វបានសម្របសម្រួល​រៀបចំ​កិច្ចប្រជុំរវាង​សមាជិក​ឥណទាន​សហគមន៍ព្រៃឈើ និងសមាជិកដែលបានខ្ចីប្រាក់តាំងពីឆ្នាំ២០១៤។ ស្មារតីអង្គប្រជុំបានលើកឡើងថា វាជារឿង​អយុត្តិធម៌​សម្រាប់​សមាជិក​សហគមន៍ព្រៃឈើជាងមួយរយគ្រួសារទៀត ប្រសិនបើបា្រក់ ៧៥០ ដុល្លារ នោះត្រូវបានបាត់បង់មែន បើដូច្នេះមែន ពួកគាត់នឹងធ្វើការទាមទារជាផ្លូវការនៅពេលឆាប់ៗខាងមុខនេះ ពីព្រោះវាអាចជាគំរូអាក្រក់ដល់ក្រុមឥណទានថ្មីនេះផងដែរ ។

ជាលទ្ធផលមកដល់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៩ ដែលជាថ្ងៃកំណត់បង់ការប្រាក់របស់ក្រុមឥណទានសហគមន៍ព្រៃឈើ សមាជិក​ខ្ចី​ប្រាក់​ពី​ឆ្នាំ២០១៤ក៏បានយកប្រាក់មកសងដល់ក្រុមឥណទានដូចគ្នា។ សរុបបានចំនួន ៥៥០ ដុល្លារអាមេរិក ដោយ២០០ដុល្លារទៀត នៅ​នឹង​ប្រធាន គគស ចាស់ ដែលបានស្លាប់ទៅកាលពី ៣ឆ្នាំមុន ហើយក្រុមបានសម្រេចមិនទារយកមកវិញទេ។ ថវិកា​ដែល​ទទួល​បាន​នេះ បានដាក់បញ្ចូលជាដើមទុនសម្រាប់ក្រុមឥណទាន។

លោកស្រី ជួប សារើន បានលើកឡើងថា វាហាក់ដូចជាការយល់សប្តិអញ្ចឹង ...ខ្ញុំរៀបនឹងធ្វើលិខិតលាលែង​ពីប្រធាន​ឥណទាន​សហគមន៍ព្រៃឈើទៅហើយ ...[ដោយ]ខ្ញុំភ័យ និងបាក់ទឹកចិត្តខ្លាំង ប៉ុន្តែពេលនេះអ្វីៗធូរស្រាលអស់ហើយ ខ្ញុំ​សប្បាយ​ចិត្តណាស់ ហើយរឹតតែធ្វើឲ្យខ្ញុំមានកម្លាំងចិត្តចង់បន្តមុខងារនេះជាបន្តទៀត និងប្តេជ្ញាបំពេញ​តួនាទីនេះ​យ៉ាង​ប្រុងប្រយ័ត្នដើម្បីទទួលបានជោគជ័យបន្ថែមទៀតនាពេលខាងមុខ ។

យើងសង្កេតឃើញថា ភាពជោគជ័យនេះ ដោយសារតែ ឥណទានសហគមន៍ព្រៃឈើបានរៀបចំច្បាស់លាស់ ដោយមានរចនា​សម្ព័ន្ធ​គ្រប់គ្រង មានលក្ខន្តិកៈ​/​គោល​នយោបាយ មានការទទួលស្គាល់ និងកិច្ចសហការល្អពីគ្រប់ស្ថាប័នពាក់ព័ន្ធ បណ្តាញសហគមន៍ព្រៃឈើ និង​គណៈកម្មការសម្របសម្រួលកម្មវិធីសហគមន៍ព្រៃឈើខេត្ត។ ជាងនេះទៅទៀត ឥណទានសហគមន៍ព្រៃឈើបាន និងកំពុង​ដើរ​តួនាទី​សំខាន់ក្នុងការពង្រឹងស្ថាប័នសហគមន៍ព្រៃឈើ (ស.ព) ជាពិសេសជួយដល់គណៈកម្មការគ្រប់គ្រងសហគមន៍ព្រៃឈើ ក្នុងការ​បំពេ​ញ​តួនាទីស្របទៅតាមបទបញ្ជាផ្ទៃក្នុង និង លក្ខន្តិកៈ ដោយជំរុញការចូលរួមរបស់សមាជិក តាម រយៈ​ការវិភាជឬផ្តល់​ថវិកា​ពី​គម្រោង​ឥណទាន សម្រាប់ប្រើប្រាស់ក្នុងសកម្មភាពគ្រប់គ្រងព្រៃសហគមន៍ តួយ៉ាងការចុះល្បាតព្រៃសហគមន៍។ មិនតែប៉ុណ្ណោះ គម្រោង​នេះមានការចូលរួមពីស្រ្តីក្នុងជួរគណៈកម្មាការជាច្រើននាក់ ឧទាហរណ៍ លោកស្រី ជួប សារើន ដែលបានបេ្តជ្ញា​ដឹកនាំ​ការងារ​ឥណទាន​សហគមន៍ព្រៃឈើ​នេះឲ្យទទួលបានជោគជ័យ។