RECOFTC

អបអរ​ពិធី​ចុះ​អនុស្សារណៈ​យោគយល់​រវាង​​រដ្ឋបាល​ព្រៃឈើ និង​អង្គការរីខូហ្វ

ឯកឧត្តមបណ្ឌិត កែវ អូម៉ាលីស្ស ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានរដ្ឋបាលព្រៃឈើ និងលោកបណ្ឌិត ដេវីដ ហ្គាន នាយកប្រតិបត្តិ​អង្គការ​រីខូហ្វ បានចូលរួមក្នុងពិធីចុះហត្ថលេខា”អនុស្សារណៈយោគយល់រវាងរដ្ឋបាលព្រៃឈើ និងអង្គការរីខូហ្វ” នៅអគាររដ្ឋបាលព្រៃឈើ។ ពិធីចុះហត្ថលេខានេះ បង្ហាញ​ពីកិច្ចទំនាក់ទំនងដ៏ល្អរវាងរដ្ឋបាលព្រៃឈើ និង​អង្គការ​រីខូហ្វ​ក្នុង​ការជួយគាំទ្​រដល់ការ​អភិវឌ្ឍ និង​គ្រប់គ្រង​សហគមន៍​ព្រៃឈើ ដែល​ជា​​គន្លឺះ​ក្នុង​ការ​គ្រប់គ្រង​​​ព្រៃឈើ​ក្នុង​ប្រទេស​កម្ពុជា។ គួរបញ្ជាក់ផងដែរថានេះ គឺជាការចុះហត្ថលេខា លើកទី៣ រវាងរដ្ឋបាលព្រៃឈើ និងអង្គការរីខូហ្វ ក្នុងរយៈពេល១២ឆ្នាំនៃការ​ធ្វើកិច្ចសហការគ្នា។ ឯកឧត្តម​បណ្ឌិត កែវ អូម៉ាលីស្ស មានប្រសាសន៍ពិធីនេះថា “កិច្ចសហការរវាងរដ្ឋបាលព្រៃឈើ និងអង្គការដៃគូនានា ពិតជា​បាន​រួមចំណែក​ជួយដល់សហគមន៍ក្នុងការ​គ្រប់គ្រង​ព្រៃឈើ​ដែលស្រប​ទៅ​តាម​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល​កម្ពុជា”។
ពិធីចុះហត្ថលេខាលើអនុស្សារណៈយោគយល់រវាងរីខូហ្ង និងរដ្ឋបាលព្រៃឈើ

​ភ្នំពេញ, រដ្ឋបាលព្រៃឈើ ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៩៖ រដ្ឋបាលព្រៃឈើ និងអង្គការរីខូហ្វ បាន​ធ្វើការ​ចុះហត្ថលេខា​លើ​​អនុស្សារ​ណៈយោគយល់ លើ​​​កិច្ចសហការ​​ដើម្បី​គាំទ្រ​ដល់ការ​​អភិវឌ្ឍសហគមន៍ព្រៃឈើ​នៅកម្ពុជា។ អនុស្សារណៈ​នេះ មាន​សុពលភាព​រយៈពេល​០៣ឆ្នាំ និង​ចុះហត្ថលេខា​ដោយ​ឯកឧត្តម​​បណ្ឌិត កែវ អូម៉ាលីស្ស ប្រតិភូរាជ​រដ្ឋាភិបាល​កម្ពុជា ទទួល​បន្ទុក​ជា​ប្រធាន​រដ្ឋបាលព្រៃឈើ និងលោកបណ្ឌិត ដេវីដ ហ្គាន នាយកប្រតិបត្តិ​អង្គការ​រីខូហ្វ។ អនុស្សារណៈនេះមានគោលបំណង បន្ត​កិច្ចសហប្រតិបត្តិការ​រវាង​រដ្ឋបាលព្រៃឈើ និង​អង្គការ​រីខូហ្វ ក្នុងការ​​អភិវឌ្ឍសមត្ថភាព​​របស់​អ្នក​ពាក់​ព័ន្ធ​ក្នុង​ការ​គ្រប់គ្រង​សហគមន៍ព្រៃឈើ ការអនុវត្ត និងលើកកម្ពស់​គោលនយោបាយ​សហគមន៍ព្រៃឈើ​ក្នុងតំបន់​អាស៊ី​ប៉ាស៊ីហ្វិក ការវិភាគ​ការងារ​សហគមន៍​ព្រៃឈើ​ បទពិសោធន៍ និងការអនុវត្តល្អៗ និងការ​បង្ហាញរបក​គំហើញទាំងនេះដល់​អ្នកពាក់ព័ន្ធនៅ​ថ្នាក់​ជាតិ ថ្នាក់តំបន់ និង​អន្តរជាតិ ព្រមទាំងជម្រុញ​ដល់ការបង្កើតបណ្តាញ​ និងកិច្ចសហការនៅអាស៊ីលើ​ផ្នែក​សហគមន៍​ព្រៃឈើ

ឯកឧត្តមបណ្ឌិត កែវ អូម៉ាលីស្ស និងលោកបណ្ឌិត ដេវីដ ហ្គាន

ក្នុងរយៈពេល ១២ឆ្នាំនៃកិច្ចសហការ​គ្នា រីខូហ្វបានរួមចំណែក​ដល់​ការ​កសាង​សមត្ថភាពអ្នកពាក់ព័ន្ធនៅ​កម្រិត​ផ្សេងៗ ការ​គាំទ្រដល់​ការ​បង្កើត​សហគមន៍​ព្រៃឈើ ការ​អភិវឌ្ឍ និងការ​អនុវត្តផែនការគ្រប់គ្រងសហគមន៍ព្រៃឈើ ការ​សាកល្បង និងចែករំលែក​បទពិសោធន៍ល្អៗពី​ការ​អនុវត្ត​នៅ​ទីវាល ទៅចែករំលែកក្នុង​វេទិ​កានានានៅថ្នាក់តំបន់ និង​សម្រាប់​ការ​រៀបចំ​គោលនយោបាយ​ពាក់ព័ន្ធនឹងការងារ​សហគមន៍ព្រៃឈើ។

 សន្ទរកថាស្វាគមន៍របស់លោកបណ្ឌិត ដេវីដ ហ្គានតាមប្រសាសន៍របស់លោកបណ្ឌិត ដេវីដ ហ្គាន នាយកប្រតិបត្តិអង្គការ​រីខូហ្វ បានអោយដឹងថា បទពិសោធន៍​ដែល​ពួកយើង​ទទួលបាន​ពី​ការ​អភិវឌ្ឍ និងការអនុវត្តសហគមន៍​ព្រៃឈើ​នៅកម្ពុជា​ បានរួមចំណែក​ដល់​ការ​អភិវឌ្ឍ​វិស័យព្រៃឈើផ្នែកសង្គមនៅតំបន់អាស៊ាន ដោយយើងបានចែករំលែកពី​មេរៀន​ល្អៗ​នៅ​ក្នុង​បណ្តាញ ​ ASEAN Social Forestry and Climate Change (ASFCC)​”។

មតិស្វាគមន៍របស់ឯកឧត្តមបណ្ឌិត កែវ អូម៉ាលីស្សឯកឧត្តមបណ្ឌិតកែវ អូម៉ាលីស្ស ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានរដ្ឋបាលព្រៃឈើ ទទួល​ស្គាល់នូវតួនាទី​ដ៏​សំខាន់របស់អង្គការដៃគូ និងម្ចាស់ជំនួយដែល​បាន​​រួម​ចំណែក​ដល់​ភាពជោគជ័យដែល​ទទួល​បាន​ដូចសព្វថ្ងៃ។ ឯកឧត្តមបណ្ឌិត ក៏​បានបន្តទៀតថា ដើម្បីជម្រុញឲ្យសហគមន៍ព្រៃឈើ​អាច​គ្រប់គ្រង​ព្រៃឈើ​ដោយ​និរន្តរភាព យើងត្រូវគិតពីការលើកកម្ពស់​ជីវភាព​របស់​​សមាជិកសហគមន៍។ ក្នុងនោះរដ្ឋបាលព្រៃឈើ​បាននឹង​កំពុង​គិតគូ​ ដល់ការ​សម្រួលក្នុងការរៀបរៀងផែនការគ្រប់គ្រង ការពង្រួញគោលការណ៍ណែនាំក្នុងការ​បង្កើតសហគមន៍ព្រៃឈើ​ ការបង្កើតវេទិការសហគមន៍ព្រៃឈើថ្នាក់ជាតិ និងការសាកល្បង​គម្រូនានាដែលជួយដល់​ការលើកកម្ពស់ជីវភាព​សហគមន៍។ ដើម្បី​សម្រេចឲ្យបាននៅផែនការនេះ ឯកឧត្តមបណ្ឌិត សង្ឃឹមថារីខូហ្វ ក៏ដូចជាអង្គការដៃគូនានា និងម្ចាស់ជំនួយ នឹងបន្តការចូលរួម​គាំទ្រក្នុងការងារដែលជាអាទិភាពខាងលើនេះ។