អតីតសិក្ខាកាមរបស់រីខូហ្វត្រួសត្រាយផ្លូវសម្រាប់សហគមន៍ព្រៃឈើ

24, April 2020
RECOFTC
ពួកគាត់ជាអ្នកចាប់ផ្តើមការងារសហគមន៍ព្រៃឈើ៖ មន្រ្តីទាំងនោះបានចំណាយពេលជាច្រើនឆ្នាំក្នុងការពង្រឹងជីវិត និងផែនទេសភាពនៅតំបន់អាស៊ីអាគ្នេយ៍។ បច្ចុប្បន្នមន្រ្តីទាំងនេះបានឆ្លុះបញ្ចាំងពីភាពសំខាន់ក្នុងការទទួលបានចំណេះដឹងពីរីខូហ្វកាលពីពេលកន្លងទៅ។

ធ្វើការនៅក្នុង​ការិយាល័យ ដែលនៅឆ្ងាយ​ពីព្រៃ លោកស្រីវង្ស សុបញ្ញាមានអារម្មណ៍ធុញថប់ជាខ្លាំង។ មានទាំងសមត្ថភាព​ មហិច្ឆតា និង​ជាស្រ្តី​ម្នាក់ក្នុងចំណោមស្រ្តី​មួយចំនួនប៉ុណ្ណោះដែល​ទទួលបាន​សញ្ញាបត្រវិទ្យាសាស្រ្តព្រៃឈើ នាពេលនោះ លោកស្រីចង់ឃើញអ្វីដែលប្លែកជាងពីមុន។

ប៉ុន្តែសង្គ្រាមស៊ីវិលកំពុងតែកើតនៅឡើយនាដើមទសវត្សទី៩០ ហើយមានតែ​មន្រ្តីព្រៃឈើបុរសតែប៉ុណ្ណោះដែល​មាន​ឳកាស​បានទៅតំបន់ព្រៃ ដើម្បីធ្វើការជាមួយសហគមន៍។

ខ្ញុំចូលចិត្តធម្មជាតិ និងចង់ធ្វើការ​នៅខាងក្រៅ ដោយសារខ្ញុំអាចជួបជាមួយនឹងមនុស្សច្រើន និងបានស្វែងយល់ពី​គំនិតរបស់មនុស្សខុសៗគ្នានេះជាការរៀបរាប់របស់លោកស្រី វង្ស សុបញ្ញា ពី​មូលហេតុដែលលោកស្រី​​ចង់ធ្វើការ​ក្នុងវិស័យព្រៃឈើ។ ប៉ុន្តែ​នៅពេល​នោះ​ សង្រ្គាមកំពុងកើតឡើង ដូចនេះ​ គេគិតថាវាមានគ្រោះថ្នាក់ខ្លាំង និងមាន​មីន​នៅទីនោះ។

ក្នុងឆ្នាំ១៩៩៣ លោកស្រីបាន​ចាប់យកឳកាស​ ​ទៅសិក្សានៅប្រទេសថៃ។

វគ្គបណ្តុះបណ្តាលស្តីពី សហគមន៍ព្រៃឈើ និង​ទស្សនៈទានថ្មីៗដែលពាក់ព័ន្ធមួយចំនួនទៀត ដែលរៀបចំដោយរីខូហ្វ ជាអង្គការមិនរកប្រាក់ចំណូល​អន្តរជាតិ ដែលបាន​ជួយ​ដល់ប្រទេស និងសហគមន៍ឲ្យសម្រេចគោលដៅអភិវឌ្ឍន៍ដោយចីរភាព និងការប្រែប្រួលអាកាសធាតុ តាមរយៈការពង្រឹង​សហគមន៍ព្រៃឈើ។ មន្រ្តីរដ្ឋាភិបាលមកពី​ប្រទេសជាច្រើនក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលមកចូលរួមសិក្ខាសាលារបស់រីខូហ្វ បានទទួល​ចំណេះដឹងពីការ​ផ្តល់​អំណាចឲ្យទៅ​សហគមន៍មូលដ្ឋាន ពិសេស​អ្នកដែលងាយរងគ្រោះ ឲ្យបានចូលរួមគ្រប់គ្រង និងការពារព្រៃឈើ និងតំបន់ដីសើមដែលពួកគេពឹងផ្អែកសម្រាប់ការរស់នៅ។

Learn about Vong's experience
 
 

ប្រទេសកម្ពុជា មានព្រៃឈើ​នៅគ្រប់ទីកន្លែង ក្នុងគ្រប់ខេត្តក្រុង ដូចនេះខ្ញុំអាចទៅគ្រប់កន្លែងនៅក្នុងប្រទេស ហើយបានជួបជាមួយសហគមន៍ និយាយជាមួយពួកគេ ជួយពួកគេ និងនិយាយថា ខ្ញុំធ្វើការក្នុងជួររដ្ឋាភិបាល ខ្ញុំចង់ដឹងថាអ្នកត្រូវការអ្វី’”

វគ្គបណ្តុះបណ្តាលរយៈពេល ៤ខែនេះ មាន​ការ​លំបាកណាស់សម្រាប់លោកស្រី ដោយសារតែលោកស្រីទើបតែចាប់ផ្តើម​រៀនភាសាអង់គ្លេស។ ប៉ុន្តែ​ដោយសារតែមាន​ការតាំងចិត្ត ការយកចិត្តទុកដាក់ និងបានការជួយ​ពីសិក្ខាកាម​មកពីប្រទេសម៉ាឡេស៊ី ដែលចេះភាសាអង់គ្លេសស្ទាត់ជំនាញធ្វើឲ្យលោកស្រីទទួលជោគជ័យក្នុងការសិក្សា។ លោកស្រី បានយល់​ដឹងពី​តម្រូវការរបស់សហគមន៍ ថាមិន​ត្រូវការត្រឹមតែការអភិរក្សព្រៃឈើទេ ប៉ុន្តែ​ក៏ត្រូវការឲ្យមានការបង្កើតប្រាក់ចំណូលពីព្រៃឈើសម្រាប់ពួកគាត់ផងដែរ ដើម្បីឲ្យជីវភាព​របស់ពួកគាត់បានប្រសើរ។  

ខ្ញុំចាំបានថាមានគ្រូម្នាក់មកពីសហរដ្ឋអាមេរិចលោកស្រីមានប្រសាសន៍បែបនេះ។គាត់បានបង្រៀនយើងពីអាជីវកម្មរបស់សហគមន៍ព្រៃឈើ ការស្វែងយល់ពី​ទីផ្សារ និងការវិនិយោគដើម្បី​បង្កើនជីវភាព។ ខ្ញុំនៅចងចាំប្រធានបទនេះ​ជានិច្ច។

ស្រ្តីជាផ្នែក​មួយនៃដំណោះស្រាយ

លោកស្រី និងមិត្តរួមថ្នាក់ ស្ថិតក្នុងចំណោមអ្នកដែល​ទទួល​បាន​សញ្ញាបត្រដំបូងគេពីវគ្គបណ្តុះបណ្តាលនេះ ហើយ​រីខូហ្វក៏បានរៀបចំ វគ្គបណ្តុះបណ្តាលផ្សេងៗទៀត ក្នុងរយៈពេលជាង៣០ឆ្នាំមកនេះ។​ វគ្គបណ្តុះបណ្តាល គឺបានបូកបញ្ចូល​រវាងទ្រឹស្តី ការវិភាគពី​បញ្ហាដែល​កើតឡើងក្នុងតំបន់ និងការអនុវត្តនៅទីវាលដើម្បីប្រមូលគំនិតរបស់សហគមន៍។ ដោយបានធ្វើបច្ចុប្បន្នភាពជានិច្ច វគ្គបណ្តុះបណ្តាល​របស់​រីខូហ្វនៅតែ​បន្ត​ជួយដល់​ការពង្រឹងសមត្ថភាពរបស់មន្រ្តីរដ្ឋាភិបាល ​ខណៈ​ដែល​ព្រៃឈើក្នុងតំបន់កំពុងរងនូវសម្ពាធពី​ការកើនឡើងប្រជាជន ការអភិវឌ្ឍន៍លឿនពេក និងការប្រែប្រួលអាកាសធាតុ។

ជិត៣០ឆ្នាំកន្លងមកនេះ ពេលនេះលោកស្រីគឺជាស្រ្តីដែល​មានឋានៈខ្ពស់ជាងគេ​ក្នុងរដ្ឋបាលព្រៃឈើ នៃប្រទេសកម្ពុជា។ ក្នុងឋានៈជា​អនុប្រធានរដ្ឋបាលព្រៃឈើ លោកស្រ្តីបានបន្តជួយដល់សហគមន៍ក្នុងប្រទេសរបស់លោកស្រី ពិសេស​លើកទឹកចិត្តឲ្យមានស្រ្តីកាន់តែច្រើន ចូលរួមក្នុងការងារគ្រប់គ្រងនៅសហគមន៍។

ស្រ្តីជាទូទៅប្រមូលអាហារពីព្រៃ ដើម្បីផ្គត់ផ្គង់ក្នុងគ្រួសារ និងលក់បន្ថែមលើការងារផ្សេងៗទៀត។ បុរសភាគច្រើនធ្វើការ​ងារ ​ដែល​ប្រើកម្លាំងខ្លាំងដូចជាការដើរល្បាត និងការកាប់ឈើដើម្បីសង់ផ្ទះជាដើម។ ប៉ុន្តែជំនាញ និងចំណេះដឹងរបស់ស្រ្តីអំពីជីវចម្រុះ ភាគច្រើនត្រូវបានមើលរំលង និងទុក​ចោល​នៅ​ពេល​ធ្វើផែនការ​ និងអនុវត្ត​ផែនការគ្រប់គ្រងព្រៃឈើ។

យោងតាមលោកស្រី បញ្ញា សិក្ខាសាលាបណ្តុះបណ្តាលដែលជួយ​កសាងទំនុកចិត្ត និងជំនាញដល់ស្រ្តីក្នុងការ​គ្រប់គ្រងព្រៃឈើ គឺពិតជាមានសារៈសំខាន់ ប៉ុន្តែការទទួលស្គាល់​ថាមានវិសមភាពយេនឌ័រ និងការយល់ដឹងពី​តួនាទី​ដ៏សំខាន់របស់ស្រ្តីក៏មានសារៈសំខាន់ដូចគ្នា។ 

បុរសជាមេដឹកនាំ ដែលជាអ្នក​ធ្វើសេចក្តីសម្រេចចិត្តលើ​ការងារសហគមន៍​ ​ពួកគាត់ត្រូវតែយល់ពីផលប្រយោជន៍ដែលឲ្យ​ស្រ្តីចូលរួមក្នុងការរៀបចំផែនការ ពីព្រោះពួកគេ ក៏​ជា​អ្នកប្រើប្រាស់​ព្រៃឈើ​ដ៏សំខាន់មួយដែរ។

ខ្ញុំនិយាយទៅពួកគាត់ថាប្រសិនបើយើងធ្វើបញ្ជី​សកម្មភាពដែល​ត្រូវអនុវត្ត យើងនឹងឃើញថាមានសកម្មភាពជាច្រើនដែលស្រ្តីអាចធ្វើបាន’” លោកស្រីមានប្រសាន៍យ៉ាងដូច្នេះ ខណៈដែលលោកស្រីកំពុង​ធ្វើ​យុទ្ធសាស្រ្តយេនឌ័រ​សម្រាប់រដ្ឋបាលព្រៃឈើ ដោយបានសហការជាមួយរីខូហ្វកម្ពុជា។​វាមិនមែនមានត្រឹមតែការងារការពារ ឬការចាប់បទល្មើសនោះទេ។

Vong in WAVES
លោកស្រី វង្ស សុបញ្ញា ឈរនៅស្តាំដៃជាមួយនឹងប្រតិភូផ្សេងទៀត ក្នុងពិធីបើកគម្រោងWAVES នាខែមីនា ឆ្នាំ២០១៩។ WAVES ជាគម្រោងកសាងអ្នកដឹកនាំយេនឌ័រនៅតំបន់អាស៊ីប៉ាស៊ីហ្វិក ក្នុងគោលបំណងជួយឲ្យមានការផ្លាស់ប្តូរលើការសន្ទនា និងការអនុវត្តយេនឌ័រ ក្នុងវិស័យព្រៃឈើ។

អតីតសិក្ខាកាមរីខូហ្វនៅទសវត្សទី៩០ ដូចជាលោកស្រី បញ្ញា បានត្រលប់មក​ប្រទេសវិញបន្ទាប់​ពីចូលរួម​វគ្គបណ្តុះបណ្តាលនៅរីខូហ្វ រួមនឹង​មហិច្ឆតាក្នុងការជួយដល់សហគមន៍ព្រៃឈើ​ឲ្យដើរទៅមុខ។ ពួកគេមើលឃើញថា សហគមន៍ព្រៃឈើគឺ​ជាដំណោះស្រាយសម្រាប់​ការ​ការពារព្រៃឈើ ​និងការ​ជួយឲ្យសហគមន៍រួចផុតពីភាពក្រីក្រ។

អតីតសិក្ខាកាមរីខូហ្វទាំងនោះ បាន​ផ្ទេរចំណេះដឹងថ្មីនេះ ទៅអ្នករួមការងាររបស់ពួកគេ បង្កើតបណ្តាញ និងបានធ្វើគម្រោងសាកល្បងជាមួយសហគមន៍មូលដ្ឋាន។ អ្នកខ្លះបាន​បង្កើតក្រុមនៅតាមក្រសួងរបស់ពួកគេ ដោយខ្លះបានទទួលស្គាល់ជាផ្លូវការ និងខ្លះមិនទាន់បានការទទួលស្គាល់នៅឡើយ ដើម្បីរួមចំណែកក្នុងការ​កែសម្រួលគោលនយោបាយ ធ្វើឲ្យមាន​កិច្ចសហការក្នុងការគ្រប់គ្រងព្រៃឈើ ដែលមិន​ពឹងផ្អែកទាំងស្រុងលើការគ្រប់គ្រងពីរាជរដ្ឋាភិបាល។

មន្រ្តីរដ្ឋាភិបាលជាង ៦០ ០០០នាក់ និងសិក្ខាកាមផ្សេងទៀតបានទទួល​វគ្គសិក្សា​ពី​រីខូហ្វ។ ពួកគេ​បានជះ​ឥទ្ធិពលទាំង​លើ​គោលនយោបាយច្បាប់ និង​កំណែទម្រង់ផ្សេងៗ ដែល​បានជួយដល់​ការពង្រឹងសិទ្ធិលើព្រៃឈើ និងសុវត្ថិភាព​ជីវភាពរបស់​សហគមន៍មូលដ្ឋាន។ បច្ចុប្បន្នប្រជាជន ៥,៣លាន​នាក់ ជាសមាជិកសហគមន៍ព្រៃឈើ និងបានគ្រប់គ្រងផ្ទៃដីប្រហែល​១៥លានហិចតានៅទូទាំងតំបន់ កត្តានេះបានធ្វើឲ្យ​វគ្គបណ្តុះបណ្តាល​របស់រីខូហ្វមានការពាក់ព័ន្ធខ្លាំងបំផុតក្នុងពេលបច្ចុប្បន្ននេះជាង​ពេល​ណាៗទាំងអស់។  

ច្បាប់ និងបទបញ្ញាត្តិតឹងរឹង

អតីតសិក្ខាកាមម្នាក់ទៀត លោក ឡៅ សេដ្ឋាផល បាននិយាយថា ការផ្លាស់ប្តូរគោល​នយោបាយ​កាលពីពេលនោះ  គឺ​មាន​ន័យថា​ជាការផ្សព្វផ្សាយទស្សនទានដែល​ថ្មី មិនសូវមានអ្នកដឹង ទៅ​កាន់មន្រ្តីគ្រប់លំដាប់ថ្នាក់ និងទៅដល់សហគមន៍ផងដែរ  ហើយពេលខ្លះនៅមានការសង្ស័យនៅឡើយ។

ព្រៃឈើ​នៅកម្ពុជាធ្លាក់ចុះយ៉ាងគំហ៊ុកក្នុងទសវត្សទី៩០ ទៅឲ្យ​ក្រុមហ៊ុនព្រៃសម្បទាន និងការកាប់បំផ្លាញខុសច្បាប់ ដូចនេះរដ្ឋាភិបាលត្រូវការ​ដំណោះស្រាយ។ លោក សេដ្ឋាផល និងក្រុមការងាររបស់លោក ដែល​ជាមន្រ្តីវ័យក្មេងក្រោយទទួលបាន​វគ្គសិក្សាមួយចំនួន​ពីរីខូហ្វ​ បានទទួលបានការអនុញ្ញាតពី​រដ្ឋាភិបាលក្នុងការធ្វើច្បាប់ និងបទបញ្ញាត្តិស្តីពី​ដំណើរការបង្កើត និងគ្រប់គ្រងសហគមន៍ព្រៃឈើ។ 

ខ្ញុំគិតថានេះជាឳកាសរបស់សហគមន៍មូលដ្ឋានលោកមានប្រសាសន៍យ៉ាងដូច្នេះ។ពួកគេអាចទទួលបានសិទ្ធិក្នុងការគ្រប់គ្រង និងប្រើប្រាស់ព្រៃឈើរបស់ពួកគេ។ ពួកគេក៏អាចធ្វើការសម្រេចចិត្តពីរបៀបក្នុងការការពារ និងប្រើប្រាស់ព្រៃឈើរបស់ពួកគេ។

Lao Sethaphal
៖លោក ឡាវ​ សេដ្ឋាផល បានចូលរួមវគ្គបណ្តុះបណ្តាលជាមួយរីខូហ្វ ហើយក៏ជាមនុស្សម្នាក់ដែល​បានរួមចំនែកក្នុងការ​ធ្វើអនុក្រិត្យ​សហគមន៍​ព្រៃឈើនៅកម្ពុជាឆ្នាំ២០០៣។ ការងាររបស់លោក​បាន​ជួយកំណត់ក្របខណ្ឌរបស់សហគមន៍ព្រៃឈើនៅក្នុងប្រទេស

រាជរដ្ឋាភិបាលកម្ពុជាបាន​ធ្វើការពិគ្រោះយោបល់ជាមួយ​សហគមន៍ សង្គមស៊ីវិល និងអ្នកពាក់ព័ន្ធផ្សេងទៀតដើម្បីបង្កើតគោលនយោបាយ​ជាតិ។ ក្រោយពិនិត្យ​លើ​ការរកឃើញនានា ក្នុងឆ្នាំ២០០៣ រដ្ឋាភិបាល​បាន​អនុម័តលើ​អនុក្រិត្យដែល​ទទួលស្គាល់​សហគមន៍ព្រៃឈើគឺ​ជាគោលនយោបាយជាតិ ដោយយោងទៅតាមការកែសម្រួល​ក្នុងច្បាប់ព្រៃឈើ ហើយ៣ឆ្នាំក្រោយ ក៏បានបង្កើតនូវគោលការណ៍ណែនាំសម្រាប់​បង្ហាញពីដំណើរការនៃការកំណត់តំបន់ ការធ្វើនិយ័តកម្ម និងការគ្រប់គ្រងព្រៃឈើដោយសហគមន៍។

មានការពិគ្រោះយោបល់ជាច្រើនជាមួយអ្នកពាក់ព័ន្ធ។ ពួកគេបានប្រាប់ថាយើងត្រូវការនេះ យើងចង់កែប្រែផ្នែកនេះ ពួកយើងព្យាយាមបញ្ចូលនូវព័ត៌មានទាំងអស់នោះ ដូចនេះវាត្រូវការរយៈពេលយូរ។

លោក សេដ្ឋាផល បានចាប់ផ្តើម​ផ្តល់វគ្គបណ្តុះបណ្តាលដល់សហគមន៍ដែល​រស់នៅជិតព្រៃ។ បច្ចុប្បន្ន សហគមន៍រាប់រយ​បានទទួលកិច្ចព្រមព្រៀងជាមួយរដ្ឋាភិបាលក្នុងការគ្រប់គ្រងដីព្រៃឈើ ​ហើយ​ពួកគេ​អាចទាញយក​ផលប្រយោជន៍ពីវាសម្រាប់​ការចិញ្ចឹមជីវិតរបស់ពួកគេ។

patrol
សមាជិកសហគមន៍ព្រៃឈើចំបក់ហោះ ក្នុងខេត្តព្រះវិហារ ប្រទេសកម្ពុជា ដើរល្បាតព្រៃសហគមន៍របស់ពួកគេ ដែលស្ថិតនៅជាប់ដែនជម្រកសត្វព្រៃបឹងពែ

លោក ឡាវ សេដ្ឋាផល អនុប្រធាននាយកដ្ឋាន នៃរដ្ឋបាលព្រៃឈើ ក្នុងប្រទេសកម្ពុជា បាន​ងាកចេញពីការងារសហគមន៍ព្រៃឈើទៅ​រកការពង្រឹងការអនុវត្តច្បាប់វិញ។ គាត់​ធ្វើការជាមួយសហគមន៍ដើម្បីបញ្ឈប់​បទល្មើសព្រៃឈើ ដែលនៅតែជាបញ្ហាចំបងក្នុងប្រទេសកម្ពុជា។ ក្នុងការងារ​នេះក៏ដោយ ​លោកបានបញ្ជាក់ថា​ជំនាញពីវគ្គបណ្តុះបណ្តាលរបស់រីខូហ្វនៅ​តែមានតម្លៃយ៉ាងខ្លាំង។

បច្ចុប្បន្នខ្ញុំទៅ​ជួបប្រជាជនទោះមិនមែនជាសហគមន៍ព្រៃឈើក៏ដោយ ដើម្បីផ្តល់វគ្គបណ្តុះបណ្តាលស្តីពីការពង្រឹងការអនុវត្តច្បាប់ ប៉ុន្តែខ្ញុំនៅតែគិត​ដល់​វគ្គបណ្តុះបណ្តាលដែល​ខ្ញុំទទួលបានពីរីខូហ្វដូចជា វិធីដែលធ្វើឲ្យសិក្ខាកាមមានការចូលរួម សារៈសំខាន់នៃការចូលរួម និងកិច្ចសហប្រតិបត្តិការ ការកសាងទំនុកចិត្តជាមួយនឹងសហគមន៍។

ខ្ញុំបានរៀនពីរីខូហ្វ នូវសារៈសំខាន់ដែលត្រូវស្វែងយល់​ពីសហគមន៍មូលដ្ឋាន និងវិធីសាស្រ្តក្នុងការដើម្បីធ្វើការស្វែងយល់។

ការស្រាវជ្រាវជាគន្លឹះនៃភាពជោគជ័យ

សម្រាប់​លោក គឹម សារិន ដែលជាមន្រ្តីនៅក្រសួងបរិស្ថាន នៃប្រទេសកម្ពុជា រីខូហ្វ​ធ្វើឲ្យលោកយល់ពីសារៈសំខាន់​នៃ​ការស្រាវជ្រាវ ថាអាច​ជួយឲ្យ​មាន​ការផ្លាស់ប្តូរបាន។ ជាច្រើនឆ្នាំមកនេះ លោកគឹម សារិន បាន​បង្កើន​ជំនាញផ្សេងៗដែលលោក​ទទួល​បានពីវគ្គបណ្តុះបណ្តាលនៅ​រីខូហ្វ ដើម្បីជួយ​ក្នុងការ​វាយតម្លៃ​ពី​តម្រូវការ​ផ្សេងៗរបស់​សហគមន៍​ដែល​ពឹងផ្អែក​លើព្រៃឈើ តាមរយៈការ​ប្រើ​សូចនាករ​ទៅវាស់វែង​ពី​ភាពជោគជ័យ​ដែលបាន​អនុវត្ត។ 

ខ្ញុំជឿជាក់ទៅលើ​ការស្រាវជ្រាវ ព្រោះ​ថាដើម្បី​​បញ្ចុះបញ្ចូលនរណាម្នាក់ យើងត្រូវមាន​ភស្តុតាងនេះជាសំដីរបស់លោក គឹម សារិន ដែល​បានធ្វើការយ៉ាងជិតស្និទ្ធិជាមួយសហគមន៍ ដើម្បីជួយពួក​គេក្នុងការបង្កើនប្រាក់ចំណូល ការស្រាវជ្រាវជាភស្តុតាង ឬការបញ្ជាក់ដែលយើងត្រូវការ មិនថា​យើងទៅនិយាយជាមួយសហគមន៍ ឬជាមួយអ្នកធ្វើសេចក្តីសម្រេចចិត្តឡើយ។ ខ្ញុំនៅតែចងចាំភាពសំខាន់​នៃ​វគ្គ​បណ្តុះបណ្តាលនេះ។

Learn about Kim's experience
 
 

បន្ទាប់ពីបញ្ចប់​វគ្គបណ្តុះបណ្តាលជាមួយរីខូហ្វ នៅចុង​ទសវត្សទី៩០ លោកគឹម សារិន បានធ្វើការ​ជាមួយ​សហគមន៍មួយក្នុងខេត្តកំពត។ ដោយសារតែ​ការប្រើប្រាស់ដោយគ្មាននិរន្តរភាព ព្រៃនៅតំបន់នោះមានការរេចរឹលយ៉ាងខ្លាំង ដែល​នាំឲ្យ​មាន​សំណឹកដី ហើយធ្វើឲ្យស្រែនៅក្បែនោះរងផលប៉ះពាល់។ សហគមន៍បាន​ចាប់ផ្តើមធ្វើ​ការ​ជាមួយតំណាងពី​រាជរដ្ឋាភិបាល ដើម្បីធ្វើផែនការក្នុងការ​ការពារ និងរក្សាដំណុះ​ព្រៃដែល​នៅជិតភូមិរបស់​ពួកគាត់ឡើងវិញ ដើម្បីកាត់បន្ថយ​ភាពសឹករេចរឹល និងបង្កើន​ទិន្នផលស្រូវ។

តាមរយៈ​ការងារអភិរក្សនេះ សហគមន៍អាច​ទទួល​បាន​ទំពាំង និង​ផលិតផលនានាពី​ព្រៃដែល​ស្តារឡើងវិញនេះ ដូចជាអុស ដើម្បីបង្កើនប្រាក់ចំណូលរបស់​ពួកគេ។ គម្រោងនេះបង្ហាញពីភាពជោគជ័យកាន់តែច្បាស់ដោយនៅឆ្នាំ២០០៩ សហគមន៍ទទួល​បាន​ពានរង្វាន់ក្នុង​ការប្រកួតប្រជែងនៅថ្នាក់ជាតិ។

ពួក​គេ​បាន​ចែក​រំលែកបទពិសោធន៍របស់ពួកគេទៅកាន់​កសិករនៅសហគមន៍ផ្សេងៗទៀត ក៏ដូចជាមន្រ្តីជំនាញលោកបាននិយាយបែបនេះគម្រោងបាន​ផ្លាស់ប្តូរការគិត​របស់អ្នកពាក់ព័ន្ធ ឲ្យមើលឃើញពី​អត្ថប្រយោជន៍ដែល​​បាន​ពី​ការ​ឲ្យប្រជាជនចូលរួម​ក្នុងការការពារព្រៃឈើ

មិនមែន​គ្រប់គម្រោងទាំងអស់​សុទ្ធតែទទួលជោគជ័យនោះទេ ពេល​ខ្លះ ទោះបី​ជាប្រទេសកម្ពុជាមានការរីកចម្រើនពិតមែន ប៉ុន្តែ​អភិបាលកិច្ច​ទន់ខ្សោយ និង​ជំនាញក្នុងការគ្រប់គ្រងព្រៃឈើនៅមានកម្រិតបាន​ធ្វើឲ្យសហគមន៍។

"ការចូលរួម​របស់សហគមន៍គឺ​ជាក្តីសង្ឃឹមសម្រាប់ព្រៃឈើទៅអនាគត"  លោកគឹម សារិន

វគ្គបណ្តុះបណ្តាល និងការកសាងបណ្តាញរវាងសហគមន៍ និងមន្រ្តីជំនាញដើម្បីចែករំលែកព័ត៌មាន និង​ចំណេះដឹង ព្រមទាំងធ្វើការសហការវាងគ្នានឹងគ្នា គឺមានសារៈសំខាន់ដូចគ្នា។ លោកមាន​សុទិដ្ឋិនិយមថា បញ្ហាប្រឈមនាពេលបច្ចុប្បន្ននេះ អាច​ដោះស្រាយបាន ហើយ​ការចូលរួម​របស់សហគមន៍៉"គឺ​ជាក្តីសង្ឃឹមសម្រាប់ព្រៃឈើទៅអនាគត។

លោកបាន​ដកទូរស័ព្ទ ហើយ​បង្ហាញរូបថតរបស់​ជនបរទេសដែលមានស្នាម​ញញឹម រូបថតនេះគឺនៅសហគមន៍អេកូទេសចរណ៍មួយនៅខេត្តកំពង់ស្ពឺ។ គាត់ចាប់ផ្តើមគាំទ្រសហគមន៍នេះ​តាំងពីឆ្នាំ ១៩៩៨ តាមរយៈការសិក្សា​ពីភាពអាចទៅរួចរបស់សហគមន៍។ ច្រើនឆ្នាំមកនេះ ភូមិទាំង៦ ក្នុងសហគមន៍នេះ​បាន​ធ្វើការរួមគ្នា និងបង្កើតជាអេកូទេសចរណ៍ ហើយ​បានធ្វើការបែងចែក​ភាគលាភ​សម្រាប់សមាជិក សម្រាប់ការអភិរក្ស និងសម្រាប់ការល្បាតព្រៃ។ 

first course in Cambodia
លោកគឹម សារិន នៅឆ្វេងដៃផ្នែកខាងលើ គឺជាសិក្ខាកាមម្នាក់ក្នុងចំណោមសិក្ខាកាមចំនួន ២០នាក់ដែលមកពីរដ្ឋបាលព្រៃឈើ​ និងក្រសួងបរិស្ថាន។ លោកឈរជាមួយនឹងសិក្ខាកាមដែលទទួលបានសញ្ញាបត្រពីវគ្គបណ្តុះបណ្តាលទី១ក្នុងប្រទេសកម្ពុជាអំពីការគ្រប់គ្រងធនធានធម្មជាតិដោយមានការចូលរួមក្នុងឆ្នាំ១៩៩៦

ពេលខ្លះ​សហគមន៍ឈ្លោះគ្នាដោយសារតែការបែងចែកថវិកា ហើយ​ក៏មាន​បញ្ហាផ្សេងទៀតដូចជាការ​ចាប់យកដី ប៉ុន្តែ​យើងនៅតែបន្តធ្វើការជាមួយពួកគេ ដោយធ្វើផងរៀនផង សម្របសម្រួលឲ្យមានកិច្ចប្រជុំ ដើម្បីឲ្យពួកគេ​ស្វែងរកនូវដំណោះស្រាយ។

ជម្លោះគឺជាឧបសគ្គ

ជម្លោះព្រៃឈើនៅតែបន្តជាឧបសគ្គសម្រាប់តំបន់អាស៊ីអាគ្នេយ៍ នៅពេលដែល​ប្រព័ន្ធរបស់រដ្ឋដូចជាការអភិរក្សនៃឧទ្យានជាតិ សម្បទានសម្រាប់ចំការដូងប្រេង ការដកហូតព្រៃឈើ និងការរុករករ៉ែគឺភាគច្រើនមិនបានគិតគូរដល់តម្រូវការ​របស់សហគមន៍។

វគ្គបណ្តុះបណ្តាលដែល​រីខូហ្វ​ផ្តល់​ដល់​មន្រ្តីរដ្ឋាភិបាល ​បាន​ជួយពួកគេ​ក្នុងការដោះស្រាយជម្លោះ​តាមរយៈ​ការផ្តល់​ជា​យុទ្ធសាស្រ្ត និងឧបករណ៍ ដើម្បីបង្កើតឲ្យមានការពិភាក្សា និងកិច្ចសហការជាមួយគ្រប់អ្នកពាក់ព័ន្ធទាំងអស់។ លោក រីកគី អាលីស្គី ម៉ាទីន (Ricky Alisky Martin) ជាមន្រ្តីម្នាក់ក្នុងចំណោម​មន្រ្តីជាច្រើននាក់​មកពីប្រទេសម៉ាឡេស៊ី ដែល​ទទួលបានសញ្ញាប័ត្រពីរីខូហ្វ លើផ្នែកសហគមន៍ព្រៃឈើក្នុងឆ្នាំ១៩៨៨ ហើយបាននិយាយថា​ លោក​​ដឹង​ភ្លាមៗ​ថា​ការគ្រប់គ្រង​ដោយ​មានការចូលរួម​ គឺ​ជាគន្លឹះ​ក្នុងការកាត់បន្ថយជម្លោះ។  

First course at RECOFTC
រូបខាងលើស្ថិតក្នុងឆ្នាំ១៩៨៨ ពេលដែលរីខូហ្វបាន​ផ្តល់វគ្គបណ្តុះបណ្តាលស្តីពី​សហគមន៍ព្រៃឈើ និងមានការប្រគល់សញ្ញាបត្រជាលើកដំបូង។ ម៉ាទីន ជាមន្រ្តីវ័យក្មេងនៅពេលនោះ បានចូលរួមក្នុងវគ្គនេះ និងបាន​យកចំណេះដែលទទួលបានទៅអនុវត្តនៅ សាបា ប្រទេសម៉ាឡេស៊ី

ជាច្រើនឆ្នាំមកនេះ លោក និងមន្រ្តីផ្សេងទៀតបានបង្កើតគំនិត​ផ្តួចផ្តើមដោយមាន​ការចូលរួមជាច្រើនដើម្បីដោះស្រាយជម្លោះនៅរដ្ឋសាបា កន្លែងដែល​ជនជាតិដើមភាគតិច និងសហគមន៍ដទៃទៀតពឹងផ្អែកលើព្រៃឈើ និងជីវចម្រុះ។

បន្ទាប់ពីត្រលប់មក​ពីចូលរួមវគ្គបណ្តុះបណ្តាលនៅបាងកក ម៉ាទីន ដែល​ជាមន្រ្តីវ័យក្មេងនៅឡើយនាពេលនោះ បានដើរតួជាអ្នកដឹកនាំលើគម្រោង​ស្តារឡើងវិញ នៅតំបន់ទីជម្រាលដ៏មានសារៈសំខាន់មួយនៃព្រៃបង្រុងទុកកេលាវ៉ាត់ (Kelawat) ដែលរងការឈូសឆាយ និងដុតបំផ្លាញដោយប្រជាជនពីស្រុកផ្សេងដើម្បីធ្វើកសិកម្ម។ លោក បានចូលរួមក្នុងកិច្ចប្រជុំជាមួយប្រជាជននៅតាមភូមិ ហើយចុងក្រោយក៏ទទួលបាន​ការ​ធ្វើកិច្ចសន្យារវាងអ្នកភូមិ និងរដ្ឋាភិបាល ក្នុងការដាក់តំបន់ដាច់ដោយឡែកមួយដែលមានទំហំប្រមាណ២០០ហិចតា ជាតំបន់សម្រាប់ការអភិរក្ស ការធ្វើកសិរុក្ខកម្ម និងការសាងសង់លំនៅដ្ឋាន ជាមួយនឹងការចូលរួមគ្រប់គ្រងពីប្រជាជនផងដែរ។

ខ្ញុំមិនដែលលឺពី​ការគ្រប់គ្រងព្រៃរួមគ្នាពីមុនពេលដែលខ្ញុំទៅរីខូហ្វឡើយម៉ាទីនបាននិយាយពីគម្រោងនេះ។ ជាមួយនឹងផែនការគ្រប់គ្រងរួមគ្នានេះ សហគមន៍បានដាំកៅស៊ូ ឈើ និងឈើហូបផ្លែផ្សេងទៀតដើម្បី​ការពារលំនឹងដី ជួយដល់​ទីជម្រាល និងពង្រឹងជីវភាពរបស់ពួកគេ។ ក្នុងតំបន់អភិរក្ស ពួកគេតម្រូវឲ្យធ្វើការការពារព្រៃឈើ ប៉ុន្តែអាចមានសិទ្ធិក្នុងការប្រមូល​ឬស្សីសម្រាប់ការប្រើប្រាស់ក្នុងគ្រួសារ។

ពីមុនមិន​មាន​មេអំបៅ មិនមានកណ្តូប មិនមាន​ជ្រូកព្រៃទេ ប៉ុន្តែមិនដល់១០ឆ្នាំផង ពួកវាបានត្រលប់មក​តំបន់នេះវិញ។

ម៉ាទីនរំលឹកថា សហគមន៍ព្រៃឈើទី១នៅសាបាត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០០០ ហើយ​មានកិច្ចប្រជុំ​ជាច្រើនក្នុងមួយឆ្នាំៗ ដើម្បីដោះស្រាយជម្លោះរវាងសហគមន៍ និងមន្រ្តីព្រៃឈើនៅព្រៃបម្រុង ដារ៉ម៉ាកត់ (Deramakot)។ នៅតំបន់មួយដែល​មានជម្លោះក្តៅគគុក មេភូមិបាន​យល់ព្រមជួយគ្រប់គ្រង និងការពារព្រៃដែល​នៅក្បែរនោះ ហើយមន្រ្តីព្រៃឈើ យល់ព្រមតបណ្តាញទឹកពីអូរក្នុងព្រៃ ទៅផ្ទះអ្នកភូមិ ផ្តល់វគ្គបណ្តុះបណ្តាលក្នុងកា​រការពារ​ភ្លើងឆេះព្រៃ ផ្តល់ថវិកា​ដល់​សហគមន៍​ដើម្បីដាំដើមឈើ និងថែទាំ និងការងារផ្សេងៗទៀត។

តាមរយៈរីខូហ្វ ខ្ញុំបាន​ដឹងថា​ទំនាក់ទំនង​ល្អរវាងគ្រប់ភាគីទាំងអស់ចាំបាច់ត្រូវតែមានលោកបាននិយាយយ៉ាងដូច្នេះ។

សហគមន៍ព្រៃឈើ ដែលនៅម៉ាឡេស៊ីគេហៅថាជា​ព្រៃឈើសង្គម មានភាពរឹងមាំ និងបច្ចុប្បន្នបានក្លាយជា​យុទ្ធសាស្រ្តជាតិ ហើយថ្មីៗនេះបានធ្វើផែនការសកម្មភាព​រយៈពេល១០ឆ្នាំ។ ម៉ាទីន បច្ចុប្បន្ន​គឺជាប្រធាន​ផ្នែក​នៃព្រៃឈើសង្គម ទទួលបន្ទុកការគ្រប់គ្រងព្រៃឈើដោយនិរន្តរភាព បាននិយាយថា ជម្លោះនៅតែជាឧបសគ្គចំបង​ ពិសេសរវាងសហគមន៍ ម្ចាស់​ចំការព្រៃដាំ និងអជ្ញាធរ។ ប៉ុន្តែលោកជឿជាក់ថា គ្រប់គ្នាសុទ្ធតែ​យល់ច្បាសថា​ព្រៃឈើសង្គមគឺជាដំណោះស្រាយ។  

យើងត្រូវការ​ព្រៃឈើ​សង្គម នៅសាបា ​ព្រោះវាដូចជាអ្នក​បង្រួបបង្រួមជម្លោះដែលយើងកំពុងមាន

Ricky Alisky Martin

នៅមាន​កសិករក្រីក្រជាច្រើនរស់នៅរដ្ឋសាបាលោកម៉ាទីនមានប្រសាសន៍បែបនេះ។ចំនួនប្រជាជន​នៅទីនោះ​មានការកើនឡើង ប៉ុន្តែដីរដ្ឋដែល​មាន​សម្រាប់​ការធ្វើស្រែចម្ការ​មាន​ការថយចុះ។ សម្ពាធលើព្រៃបម្រុងទុកមាន​ការកើនឡើងខ្លាំង។ ជាមួយគ្នានេះច្បាប់របស់រដ្ឋាភិបាល​កាន់តែតឹងរឹង ​សម្រាប់ការ​ឈូសឆាយដីព្រៃ ដូចនេះ​ទើបមាន​ជម្លោះកើតឡើង​ជាច្រើន​រវាងអ្នកភូមិ និងមន្រ្តីឧទ្យានុរក្ស។

យើងត្រូវការ​ព្រៃឈើ​សង្គម នៅសាបា ​ព្រោះវាដូចជាអ្នក​បង្រួបបង្រួមជម្លោះដែលយើងកំពុងមាន។

សាធារណៈរដ្ឋប្រជាមានិតឡាវ ដែលជាប្រទេស​មួយ​ក្នុងអាស៊ីអាគ្នេយ៍ ដែល​បច្ចុប្បន្នកំពុង​ពង្រឹងការងារសហគមន៍ព្រៃឈើ បន្ទាប់ពី​បានរៀបចំការងារនេះ​ប៉ុន្មានឆ្នាំមកហើយ។ ព្រៃឈើនៅប្រទេសឡាវធ្លាក់ចុះ​យ៉ាងគំហ៊ុកក្នុងប៉ុន្មានទសវត្សនេះ ពីការកាប់ឈើខុសច្បាប់ និងការឈូសឆាយ​សម្រាប់់ធ្វើកសិកម្ម។ រដ្ឋាភិបាល​បានកែសម្រួលច្បាប់​ក្នុងឆ្នាំ ២០១៩ ដោយឲ្យវិស័យ​ព្រៃឈើមាន​ថវិកាច្រើនជាងមុន និងមាននិរន្តរភាពបរិស្ថានកាន់តែប្រសើរ ព្រមទាំងបញ្ចូលឲ្យប្រជាជនបានចូលរួមកាន់តែច្រើនក្នុងការគ្រប់គ្រងព្រៃឈើ។

ប៊ួនពន់ សេងថុង (Bounpone Sengthong) បានចូលរួមក្នុងវគ្គសិក្សាជាច្រើនរបស់រីខូហ្វ ឥលូវនេះលោកគឺជា​អនុប្រធាននាយកដ្ឋានព្រៃឈើ នៃ​ក្រសួងកសិកម្ម និងរុក្ខាប្រមាញ់។ លោកបាននិយាយថា មាន​សហគមន៍ជាង១០០០ បានប្រគល់​ផែនការគ្រប់គ្រងរបស់ខ្លួនជូនទៅរដ្ឋាភិបាល។ ផែនការនេះបង្ហាញពីរបៀបដែលសហគមន៍ប្រើប្រាស់ព្រៃឈើរបស់ខ្លួនដោយនិរន្តរភាព ឧទាហរណ៍ដូចជា​ចំការម៉ៃសាក់។

teak
ការងារដែល​សេងថុងបានធ្វើនៅថ្នាក់ជាតិសម្រាប់ផែនការគ្រប់គ្រងសហគមន៍ព្រៃឈើ បានជួយកសិករដូចជាលោក សៀង អាំផៃស៊ីយ៉ាឡាត់-Xieng Amphai Siyalath (រូបខាងលើ) បានប្រមូលផល​ម៉ៃសាក់ដោយនិរន្តរភាព និងបង្កើនជីវភាពរបស់គាត់

របៀបដែល​យើងយកផែនការនេះទៅអនុវត្តជាក់ស្តែងគឺមានសារៈសំខាន់ណាស់លោកសេងថុងបន្ថែមថា ការគាំទ្រពីមន្រ្តីទៅដល់សហគមន៍ ដូចជាការផ្តល់វគ្គបណ្តុះបណ្តាលលើជំនាញផ្សេងៗគឺ​ជាគន្លឹះនៃការជោគជ័យ។

ការរៀបចំសម្រាប់ថ្ងៃអនាគត

នៅឯប្រទេសថៃវិញ លោក ស៊ូរីន អនព្រំ (Surin Onprom) ដែលជាសាស្រ្តាចារ្យនៅសាកលវិទ្យាល័យ បានផ្តោតទៅ​អនាគត។ ព្រៃឈើ និងសហគមន៍នៅតំបន់អាស៊ីអាគ្នេយ៍ប្រឈមនឹង​បញ្ហាថ្មីគឺ​ការប្រែប្រួលអាកាសធាតុ ខណៈ​ដែល​បន្តប្រឈមនឹងបញ្ហាដែល​កើតមានជាយូរមកហើយដូចជាការកាប់ឈើខុសច្បាប់ និងវិសមភាព។ អនព្រំ​បាននិយាយថា វាមានសារៈសំខាន់ណាស់ដែល​យើងជួយឲ្យសិស្សមានជំនាញ និងចំណេះដឹងដែលពួកគេត្រូវការ ដើម្បីដោះស្រាយ​បញ្ហាទាំងនោះ។   

និស្សិត គឺជាអនាគតនៃអ្នកធ្វើគោលនយោបាយលោកអនព្រំ ដែល​កំពុងបង្រៀនមុខវិជ្ជាការគ្រប់គ្រងព្រៃឈើនៅសាកលវិទ្យាល័យកាសេសាតក្នុងក្រុងបាងកកបានមាន​ប្រសាសន៍បែបនេះប្រសិនបើយើងចង់កែប្រែ​អ្វីមួយនៅពេលអនាគត យើងត្រូវចាប់ផ្តើមពីថ្ងៃនេះ

អនព្រំបានធ្វើការផ្នែកសហគមន៍ព្រៃឈើជាង២០ឆ្នាំមកហើយ។ គាត់បានបញ្ជាក់ថាសម្រាប់ប្រទេសថៃ ដើម្បីធានាសុវត្ថិភាពរបស់​សហគមន៍នាពេលអនាគត យើងត្រូវធ្វើឲ្យប្រសើរឡើងនូវ​កម្មសិទ្ធិដីធ្លី ដោយបូកបញ្ចូលនូវការទទួលស្គាល់​ជាផ្លូវការឲ្យបានច្រើនជាងនេះ​សម្រាប់សិទ្ធិដីធ្លីជាប្រពៃណី។

ប្រទេសថៃទើបតែ​បាន​អនុម័តលើ​ច្បាប់​ព្រៃឈើ ដែល​បានពង្រាងលើកទី១កាលពីជាង៣០ឆ្នាំមកហើយ។ ច្បាប់នេះបាន​ផ្តល់សិទ្ធិច្រើនជាងមុនដល់សហគមន៍​ក្នុងការចូលរួមគ្រប់គ្រងធនធានធម្មជាតិ។ លោកអនព្រំបាននិយាយថា ច្បាប់នេះនៅមិនទាន់បាន​កំណត់​គ្រប់គ្រាន់នៅឡើយទេ ក្នុងការពង្រឹងសិទ្ធិដីធ្លី ពិសេសសម្រាប់​ជនជាតិដើមភាគតិច និងក្រុមងាយរងគ្រោះផ្សេងទៀត ដែល​បានរស់នៅច្រើនជំនាន់មកហើយក្នុងឧទ្យានជាតិ និងតំបន់ព្រៃឈើ​ផ្សេងទៀតដែល​គ្រប់គ្រងដោយរដ្ឋ។

លោកអនព្រំ ចាប់ផ្តើមការងាររបស់គាត់ជាជំនួយការ​ទីវាលនៅរីខូហ្វ។ លោក ស៊ុមសាក់ ស៊ុកវង្ស អ្នកបង្កើតរីខូហ្វ បាន​បញ្ជូនគាត់ទៅ​ខេត្តភាគខាងជើងប្រទេសថៃ ដើម្បីទៅសិក្សាពី​របៀបផ្សេងៗដែល​សហគមន៍ពឹងផ្អែកលើព្រៃឈើ។

រយៈពេល​ ៩ឆ្នាំដែល​លោកធ្វើការនៅរីខូហ្វ បានបង្កើតនូវជំនឿមួយ​​ថា​ ដើម្បីដោះស្រាយបញ្ហាមួយ គេត្រូវការវិធីសាស្រ្តផ្សេងៗយកមកដោះស្រាយ ដែលបានមកពីការសិក្សាពីសហគមន៍មូលដ្ឋាន ព្រោះថាសហគមន៍ និងព្រៃមានលក្ខណៈពិសេសរៀងៗខ្លួន។

បច្ចុប្បន្ននៅសាកលវិទ្យាល័យកាសេតសាត លោកអនព្រំ តែងតែ​យកឧទាហរណ៍ពី​ការអនុវត្តទីវាល​របស់រីខូហ្វ និងករណីសិក្សា​ដែល​បាន​អនុវត្តក្នុងប្រទេសថៃ និងតំបន់ដើម្បី​បង្ហាញដល់និសិ្សតពី​ការរំពឹងខុសៗគ្នាទោះពួកគេស្ថិតក្នុងក្រុមជនជាតិតែមួយក៏ដោយ។ ឧទាហរណ៍ ជនជាតិការ៉ែន នៅតំបន់ភ្នំភាគខាងជើងប្រទេសថៃមាន​ការប្រព្រឹត្តទៅលើព្រៃឈើផ្សេងពី​ជនជាតិការ៉ែនដែលរស់នៅវាលរាបភាគខាងត្បូង។

Onprom
លោកអនព្រំ បង្រៀននៅសាកលវិទ្យាល័យការសេតសាត ហើយថ្មីៗនេះបាន​ចូលរួមក្នុងការស្រាវជ្រាវ អំពីស្ថានភាពរបស់សវិស័យអប់រំលើ​ផ្នែកព្រៃឈើសង្គមក្នុងតំបន់អាស៊ីអាគ្នេយ៍

ប្រសិនបើយើងមាន​សហគមន៍ចម្រុះ សិស្សក៏ត្រូវតែដឹង​ពី​ដំណោះស្រាយខុសៗគ្នា​ដែលចាំបាច់។ វាមិនមែនមាន​តែផ្លូវមួយនោះទេ។ បញ្ហាចំបងនៅប្រទេសថៃ គឺ​មនុស្សគិតថា​ដំណោះស្រាយមួយគឺល្អបំផុត ប៉ុន្តែ​បញ្ហាគឺមានភាពចម្រុះគ្នា។

អនព្រំ មាន​ការរំពឹងទុកយ៉ាងខ្ពស់​សម្រាប់កូនសិស្សរបស់គាត់។ ជាសមាជិក​នៃក្លឹបព្រៃឈើ​របស់សាកលវិទ្យាល័យ ពួកគេ​ថ្មីៗនេះបានក្លាយក្រុមទី១ក្នុងប្រទេសថៃដែលបានចូលជាសមាជិកអង្គការព្រៃឈើពិភពលោកដែលល្បីក្នុងពិភពលោក

ក្រុមនិស្សិតបាន​ប្រឹងប្រែងយ៉ាងខ្លាំងដើម្បីទទួលបានសមាជិកភាពនៅក្នុងសហព័ន្ធនិស្សិតព្រៃឈើអន្តរជាតិ​(IFSA)ដែលទទួលយក​សមាជិកថ្មី​ បន្ទាប់ពី​បាន​ពិនិត្យ និង​ឆ្លងកាត់ការវាយតម្លៃយ៉ាងម៉ត់ចត់។ ពីដំបូងដើម្បីទទួល​សមាជិកភាព ពួកគេ​បាន​ចូលរួមសហការក្នុងព្រឹត្តការណ៍ដែលរៀបចំដោយរីខូហ្វ ហើយ​មានការចូលរួម​ពីIFSA ក្នុងគោលបំណង​ភ្ជាប់ទំនាក់ទំនងរវាងនិស្សិតជុំវិញពិភពលោកតាមរយៈ​បណ្តាញរបស់គេ។  

វាគឺជាឳកាសល្អ​សម្រាប់ពួកគេក្នុងការ​បង្ហាញចំណេះដឹង និងគំនិតរបស់ពួកគេនេះជាប្រសាសន៍របស់លោកអនព្រំ។

លោកអនព្រំ ក៏បាននិយាយដែរថា លោកមាន​ក្តីសង្ឃឹមយ៉ាងខ្លាំងលើ​ក្មេងជំនាន់ក្រោយក្នុងការបន្ត​ជីវិតនៅក្នុងព្រៃឈើ។ លោក​ថាថ្មីៗនេះលោកមាន​មោទនភាពលើក្រុមនិសិ្សតនៅឈៀងម៉ៃ ដែល​បាន​បង្កើតធនាគារពូជចម្រុះក្នុងស្រុក ដើម្បីផ្តល់ឲ្យសហគមន៍យកទៅដាំតាមបែបប្រពៃណីនៅក្នុងព្រៃ។

លោកអនព្រំនិយាយថា លោកចង់ចំណាយពេលវេលាទៅជួយសហគមន៍នោះ ដូចជាការបង្វែរធនាគារពូជ ទៅជាសហគ្រាសដែលរកចំណូលបាន ដូចនេះវាអាចបានទាំងការអភិរក្សជីវចម្រុះ និងថែរក្សាចំណេះដឹង ប្រពៃណីរបស់សហគមន៍ផងដែរ។

ខ្ញុំចង់ជួយពួកគេ​ក្នុងការបង្កើនជីវភាព​ និងស្វែងរកផ្លូវថ្មីបន្តទៅមុខទៀត។ ពួកគេត្រូវកាសីលធម៌ និងការគាំទ្រ។ នៅមានការងារជាច្រើនទៀតដែលយើងត្រូវធ្វើ។

###

 

ការងាររបស់រីខូហ្វ អាចធ្វើទៅបានដោយមាន​ការគាំទ្រពីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការ (SDC) និងទីភ្នាក់ងារអភិវឌ្ឍកិច្ចសហប្រតិបត្តិការ​អន្តរជាតិស៊ុយអែត (Sida)។