RECOFTC កម្ពុជា
PaFF

អំពី គម្រោងPAFF

ការពង្រឹងសមត្ថភាព និងបង្កើនហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងធនធានធម្មជាតិនៅតាមសហគមន៍

កម្មវិធីភាពដៃគូលើវិស័យព្រៃឈើ និងជលផល នៅប្រទេសកម្ពុជា (PaFF) កំពុងតែជួយដល់ប្រជាជនកម្ពុជានៅតាមទីជនបទ អនុវត្តសិទ្ធិរបស់ពួកគេក្នុងការគ្រប់គ្រង ការពារ និង ទទួលបានប្រយោជន៍ពីធនធានធម្មជាតិនៅមូលដ្ឋានរបស់ពួកគេ​ ដើម្បី ទ្រទ្រង់ជីវភាពរស់នៅ កាត់បន្ថយភាពក្រីក្រ និងបង្កើនភាពធន់នឹងវិបត្តិផ្នែកសេដ្ឋកិច្ច និងបរិស្ថាន។ PaFF ក៏ព្យាយាមពង្រឹងដំណើរការប្រជាធិបតេយ្យ លើកកម្ពស់នីតិរដ្ឋ និងការពារសិទ្ធិស្រ្តី ក្រុមជនជាតិដើមភាគតិច និងសមាជិកសហគមន៍ដែលមានប្រាក់ចំណូលទាបតាមរយៈការចូលរួមរបស់ពួកគេនៅក្នុងការគ្រប់គ្រងធនធានធម្មជាតិនៅតាមសហគមន៍។

PaFF ផ្តោតលើការកសាងសមត្ថភាពដល់សហគមន៍ អាជ្ញាធរមូលដ្ឋាន និងមន្រ្តីរដ្ឋាភិបាល ដើម្បីចូលរួមគ្រប់គ្រងធនធានធម្មជាតិប្រកបដោយចីរភាពតាមរយៈយន្តការគ្រប់គ្រងធនធានធម្មជាតិដោយសហគមន៍ ដែលមាន​   សហគមន៍ព្រៃឈើ សហគមន៍នេសាទ និងសហគមន៍តំបន់ការពារធម្មជាតិ។ កម្មវិធីបាន​ជួយសហគមន៍មូលដ្ឋាន និងជនជាតិដើមភាគតិច ឲ្យទទួលបាននូវសិទ្ធិស្របច្បាប់លើការគ្រប់គ្រងធនធានព្រៃឈើ និងជលផល ការអនុវត្តផែនការគ្រប់គ្រងធនធាន ការបង្កើនផលិតកម្ម និងការទទួលបាននូវហិរញ្ញប្បទាន។ ការផ្តួចផ្តើមនេះ ក៏ផ្តោតសំខាន់ លើការជួយ​ស្រ្តី និងជនជាតិដើមភាគតិច ឲ្យ​បានចូលរួមកិច្ចពិភាក្សា​ជាមួយអជ្ញាធរ លើការគ្រប់គ្រងធនធាន ការរៀបចំផែនការ និងគោលនយោបាយនានា។ 

ដើម្បីបង្កើនចំណូល PaFF គាំទ្រដល់​ការបង្កើតសហគ្រាសសហគមន៍ខ្នាតតូច​ ក្នុងការ​កែច្នៃត្រី អភិវឌ្ឍន៍ និងបង្កើតទីផ្សារសម្រាប់អនុផលព្រៃឈើដូចជា ទឹកឃ្មុំ និង​ឬស្សី និង​ការ​ផ្សព្វផ្សាយ​អេកូទេសចរណ៍។ PaFF ពង្រឹងការផ្សាភ្ជាប់​រវាងនឹង​សហគមន៍ និង​វិស័យឯកជន​ក្នុង​ខ្សែចង្វាក់ផលិតកម្ម។ 

PaFF ក៏បាន​បង្កើតឥណទានសហគមន៍ និង​បរធនខ្នាតតូច សម្រាប់ជាប្រភពហិរញ្ញប្បទាន​ដែល​មានចីរភាពមួយ​ក្នុង​ការ​អនុវត្តផែនការ​គ្រប់គ្រងព្រៃឈើ និងជលផល ខណៈដែល​អាច​ប្រើប្រាស់ ជាមធ្យោបាយមួយ​សម្រាប់សហគមន៍ខ្ចីយក​ទៅបណ្តាក់ទុន​សម្រាប់បង្កើន​ជីវភាពរបស់ពួកគេ។

ជារួម PaFF នឹងផ្តល់ប្រយោជន៍ដល់ប្រជាជនកម្ពុជានៅជនបទរាប់ម៉ឺននាក់ ស្របតាមគោលដៅដាក់ចុះក្នុងគោលនយោបាយរបស់រាជរដ្ឋាភិបាល​កម្ពុជា រួមមានការប្តេជ្ញាចិត្តអន្តរជាតិចំពោះការប្រែប្រួលអាកាសធាតុ និងជីវចម្រុះ និង វឌ្ឍនភាពឆ្ពោះទៅសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិផងដែរ។ 

ទីភ្នាក់ងារ សម្រាប់ការអភិវឌ្ឍ និង​កិច្ចសហប្រតិបត្តិការ ប្រទេសស្វីស​ (SDC) បានគាំទ្រ​ដល់​ការ​អនុវត្ត​កម្មវិធីនេះ​សម្រាប់​ដំណាក់កាលដំបូង​ទាំង២។ សម្រាប់ដំណាក់កាលចុងក្រោយនេះ SDC និងទីភ្នាក់ងារ​សហប្រតិបត្តិការ​អភិវឌ្ឍន៍​អន្តរជាតិ​ស៊ុយអែត (Sida) នឹង​រួមគ្នាក្នុង​ការ​ផ្តល់​មូលនិធិ​សម្រាប់ការអនុវត្ត។ ម្ចាស់ជំនួយផ្សេងៗទៀត ដែលបាន​រួមចំណែក​គាំទ្រ​ដល់​ការអនុវត្តកម្មវិធី​ក្នុងដំណាក់កាលទី ២ មានដូចជា៖ IUCN Netherlands, the German Federal Ministry for Economic Cooperation and Development (BMZ), the Belgium development cooperation and Forum Syd។ 

ផែនទី​ខេត្តគោលដៅអនុវត្តគម្រោង PaFF ដំណាក់កាលទី ៣
PaFF អនុវត្តនៅខេត្តចំនួន ៤ ក្នុងប្រទេសកម្ពុជា ខេត្តកំពង់ធំ ព្រះវិហារ ក្រចេះ និងស្ទឹងត្រែង

ហេតុអ្វីត្រូវការ PaFF?

ប្រជាជនកម្ពុជានៅជនបទ ចំនួន ៦៥% កំពុងពឹងផ្អែកលើធនធានធម្មជាតិ ដូចជា ព្រៃឈើ ទន្លេ និងបឹង សម្រាប់ជីវភាពរស់នៅ និងសន្តិសុខស្បៀងរបស់ពួកគេ។ ប៉ុន្តែ ពួកគេភាគច្រើនមានជីវភាពក្រីក្រ មិនសូវមានការធានាចំពោះសិទ្ធិកាន់កាប់ដីធ្លី និង ធនធានព្រៃឈើ ខ្វះខាតសមត្ថភាពផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុ ដែលចាំបាច់សម្រាប់ពួកគេក្នុងការគ្រប់គ្រង និងប្រើប្រាស់ធនធានទាំងនេះប្រកបដោយចីរភាព។ ធនធានធម្មជាតិទាំងនោះ បានរងនូវការគំរាមកំហែងពីការប្រើប្រាស់ដោយខុសច្បាប់ និងគ្មានចីរភាព ក៏ដូចជាពីសម្បទានដីសេដ្ឋកិច្ច និងសង្គមកិច្ច វារីអគ្គិសនី ឧស្សាហកម្ម ការកសាងផ្លូវថ្នល់ និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗទៀត។ 

ក្របខណ្ឌច្បាប់​របស់ប្រទេសកម្ពុជា បាន​ផ្តល់នូវដំណោះស្រាយ​សម្រាប់បញ្ហាទាំងនេះ ដោយ​អនុញ្ញាត​ឲ្យសហគមន៍អាចបង្កើត និងគ្រប់គ្រងដោយ​សេរី​លើធនធានព្រៃឈើ ឬជលផល។ អភិក្រមដែល​រដ្ឋាភិបាល​ប្រើប្រាស់សម្រាប់ការផ្តល់សិទ្ធិជូនដល់សហគមន៍មូលដ្ឋានគឺ តាមរយៈ សហគមន៍ព្រៃឈើ សហគមន៍នេសាទ និងសហគមន៍តំបន់ការពារធម្មជាតិ។ អភិក្រមនេះ ស្របទៅនឹងដំណើរការវិមជ្ឈការសិទ្ធិអំណាចពីស្ថាប័នថ្នាក់ជាតិទៅស្ថាប័នថ្នាក់ក្រោមជាតិ។ តាមរយៈការពង្រឹង និងធានាសិទ្ធិជូនសហគមន៍មូលដ្ឋាន ពួកគេអាចមាន​សក្តានុពល​ក្នុងការ​កាត់បន្ថយភាពក្រីក្រ និង​ការពារ​ធនធានធម្មជាតិ ដែល​សហគមន៍ពឹងផ្អែក​សម្រាប់ជីវភាពរបស់ពួកគេ។ 

ប៉ុន្តែ នៅមាន​សហគមន៍មួយចំនួនប៉ុណ្ណោះ ដែល​ទទួលបានផលប្រយោជន៍ ពី​ឳកាស​ដែល​​សហគមន៍ព្រៃឈើ សហគមន៍នេសាទ និងសហគមន៍តំបន់ការពារធម្មជាតិ អាចផ្តល់ឲ្យបាន។ នីតិវិធី សម្រាប់ការទទួលស្គាល់អភិក្រមទាំងនេះជាផ្លូវការនៅមានភាពស្មុគស្មាញ ហើយសហគមន៍ភាគច្រើននៅខ្វះខាតចំណេះដឹង ជំនាញ ហិរញ្ញវត្ថុ និងធនធានដទៃទៀត ដើម្បីអាចអនុវត្តទៅតាមអភិក្រមទាំងនោះ។ បញ្ហាប្រឈមដទៃទៀត ក៏កើតឡើងដោយសារតែនៅមានចន្លោះប្រហោង ក្នុងក្របខណ្ឌគោលនយោបាយ ស្ថាប័ន ច្បាប់ និងការត្រួតពិនិត្យ។ ក្នុងនោះ អជ្ញាធរថ្នាក់ក្រោមជាតិ និងអជ្ញាធរមូលដ្ឋាន ក៏នៅមិនទាន់មានសមត្ថភាពពេញលេញក្នុងការបំពេញតួនាទីរបស់ពួកគេរៀងៗខ្លួនផងដែរ។​​

ប៉ុន្តែ មាន​សហគមន៍មាន​មួយចំនួនតូចប៉ុណ្ណោះ ដែល​ទទួល​បានផលប្រយោជន៍ ពី​ឳកាសក្នុង​ការ​ទទួលសិទ្ធិគ្រប់គ្រងជាសហគមន៍ព្រៃឈើ សហគមន៍នេសាទ ឬសហគមន៍តំបន់ការពារធម្មជាតិ។ នីតិវិធី សម្រាប់ការទទួលស្គាល់អភិក្រមទាំងនេះជាផ្លូវការនៅមានភាពស្មុគស្មាញ ហើយសហគមន៍​ភាគច្រើននៅខ្វះខាតចំណេះដឹង ជំនាញ ហិរញ្ញវត្ថុ និងធនធានដទៃទៀត ដើម្បីអាចអនុវត្តទៅតាមអភិក្រមទាំងនោះ។ បញ្ហាប្រឈមដទៃទៀត ក៏កើតឡើងដោយសារតែនៅមានចន្លោះប្រហោង ក្នុងក្របខណ្ឌគោលនយោបាយ ស្ថាប័ន ច្បាប់ និងការត្រួតពិនិត្យ។ ក្នុងនោះ អជ្ញាធរថ្នាក់ក្រោមជាតិ និងអជ្ញាធរមូលដ្ឋាន ក៏នៅមិនទាន់មានសមត្ថភាពពេញលេញក្នុងការបំពេញតួនាទីរបស់ពួកគេរៀងៗខ្លួនផងដែរ។

PaFF បង្កើតឡើង ដើម្បីជួយដោះស្រាយបញ្ហាទាំងនោះក្នុងប្រទេសកម្ពុជា ដោយផ្តោតលើ​ខេត្តភាគឥសានដែល​មានធនធានធម្មជាតិច្រើន ប៉ុន្តែ​ការលូតលាស់ផ្នែកសេដ្ឋកិច្ចទាប។ កម្មវិធី ក៏អនុវត្តស្របទៅតាមកម្មវិធីថ្នាក់ជាតិរបស់ប្រទេសកម្ពុជាសម្រាប់សហគមន៍ព្រៃឈើ សហគមន៍នេសាទ និងសហគមន៍តំបន់ការពារធម្មជាតិ ព្រមទាំងគំនិតផ្តួចផ្តើមកំណើនបៃតងនៃ​ចីរភាពថវិកាសម្រាប់ការអភិរក្ស និងគោលដៅក្នុងការស្តារគម្របព្រៃឈើឲ្យបាន៦០% នៃផ្ទៃប្រទេស ត្រឹមឆ្នាំ២០៣០ ផងដែរ។

អង្គការ ៤ រួមគ្នាអនុវត្តកម្មវិធី

អង្គការចំនួន៤ រួមគ្នាអនុវត្តកម្មវិធី PaFF រួមមាន៖ រីខូហ្វ (RECOFTC) អង្គការកម្មវិធីផ្លាស់ប្តូរ បទពិសោធន៍អនុផលព្រៃឈើនៅអាស៊ី (NTFP-EP) មូលនិធិសកលដើម្បីអភិរក្សធនធានធម្មជាតិ (WWF) និងសមាគមថែរក្សាបរិស្ថាន និងវប្បធម៌ (CEPA)

PaFF រួមបញ្ចូលជំនាញផ្សេងៗគ្នា របស់អង្គការដៃគូ៖ WWF លើកិច្ចសហការជាមួយភាគីពាក់ព័ន្ធ និងវេទិកាគោលនយោបាយនានាក្នុងតំបន់ទេសភាព, NTFP-EP លើការអភិវឌ្ឍជីវភាពរស់នៅ រីខូហ្វ (RECOFTC) និង CEPA លើការពង្រឹងសហគមន៍ ដែលគ្រប់គ្រងធនធានធម្មជាតិ។ ការប្រើប្រាស់អភិក្រមនៃកិច្ចសហការក្នុងតំបន់ទេសភាព បានបង្កើតឲ្យមាន​ការបង្រួបបង្រួម ពង្រឹងការផ្សព្វផ្សាយ និងការផ្សាភ្ជាប់ទៅនឹងវេទិកាថ្នាក់ជាតិ និងថ្នាក់ខេត្ត។

អង្គការ​ទាំង ៤ ទទួលបានការប្រឹក្សាយោបល់ ពី​គណៈកម្មការ​ប្រឹក្សាយោបល់កម្មវិធី និង​ដឹកនាំដោយ​គណៈកម្មការ​គ្រប់គ្រង ក្នុងនោះគណៈក​ម្មាការ​ប្រឹក្សាយោបល់ក៏មានតំណាងពីរាជរដ្ឋាភិបាល។ 

​​PaFF ចាប់ផ្តើម​ពីខែ វិច្ឆិកា ឆ្នាំ២០១៤ និង​បញ្ចប់នៅខែមិថុនា ឆ្នាំ២០២៣

កម្មវិធី​ចែកជាបី ដំណាក់កាល៖

 • NTFP-EP ដឹកនាំ​ដំណាក់កាលទី ១ ពីខែវិច្ឆិកា ឆ្នាំ២០១៤ ដល់ខែមិថុនា ឆ្នាំ២០១៧
 • WWF កម្ពុជា ដឹកនាំដំណាក់កាលទី២ ពីខែកក្កដា ឆ្នាំ២០១៧ ដល់ខែមិថុនា ឆ្នាំ២០២១
 • RECOFTC កម្ពុជា ដឹកនាំដំណាក់កាលទី ៣ ពីខែកក្កដា ឆ្នាំ២០២១ ដល់ខែមិថុនា ឆ្នាំ២០២៣

តើ PaFF ទទួលបាន​ជោគជ័យអ្វីខ្លះក្នុងដំណាក់កាលទី ១ និងទី២?

PaFF ដំណាក់កាលទី ១ និងទី២ ជោគជ័យក្នុង​ការ​គាំទ្រ​សហគមន៍ព្រៃឈើ សហគមន៍នេសាទ និង​បណ្តាញរបស់ពួកគេ​ក្នុងខេត្តក្រចេះ ស្ទឹងត្រែង ព្រះវិហារ និង​កំពង់ធំ រួមមាន៖ 

 • និយ័តកម្មសហគមន៍ព្រៃឈើ និង​សហគមន៍នេសាទចំនួន ៦០
 • អភិវឌ្ឍ និង​អនុវត្តផែនការគ្រប់គ្រងរបស់សហគមន៍ព្រៃឈើ និងសហគមន៍នេសាទចំនួន ១៣៤
 • បង្កើត និង​ដំណើរការ​សហគ្រាសសហគមន៍ចំនួន ៣៥
 • បង្កើត និងដំណើរការ​ឥណទានសហគមន៍ចំនួន ៣៦ ដែល​មាន​ទុនសរុបចំនួន ៨៨.០០០ដុល្លារអាមេរិច និង​មានសមាជិកចំនួន ១.២០៦
 • បង្កើត និង​ដំណើរការ​ឥណទានសហគមន៍នេសាទចំនួន ១០ ដែលមាន​ទុនសរុបចំនួន ៤.៨៧៨ ដុល្លារអាមេរិច និង​មាន​សមាជិកចំនួន ១៩១នាក់
 • បង្កើត និងដំណើរការ​បរធនខ្នាតតូច​ ចំនួន ១៤ សម្រាប់សហគមន៍ព្រៃឈើ និង​នេសាទសម្រាប់​ជីវភាព​សហគមន៍

កម្មវិធីនេះបានជួយកសាងសមត្ថភាពរបស់អាជ្ញាធរខេត្ត ក្នុងការធ្វើផែនការតំបន់ទេសភាព ការគ្រប់គ្រង និងការផ្តល់ហិរញ្ញប្បទាន។ កម្មវិធីក៏លើកកម្ពស់ការចូលរួមរបស់សហគមន៍ព្រៃឈើ និងសហគមន៍នេសាទ ក៏ដូចជាបណ្តាញរបស់ពួកគេ ទៅក្នុងវេទិកាពហុភាគី។ វេទិកាទាំងនោះរួមមាន  គណៈកម្មាការ​សម្របសម្រួល​សហគមន៍ព្រៃឈើថ្នាក់ជាតិ និងខេត្ត ក្រុមការងារបច្ចេកទេស​កំណែទម្រង់​វិស័យព្រៃឈើ និងក្រុមការងារបច្ចេកទេស​កំណែទម្រង់​វិស័យជលផល​។

ក្រុមការងារ​បច្ចេកទេស ចូលរួមក្នុងដំណើរការ​នៃការធ្វើសេចក្តីសម្រេចចិត្តសំខាន់ៗ និង​ផ្តល់យោបល់​សម្រាប់​សិទ្ធិ និង​ទទួលបានផលប្រយោជន៍កាន់តែប្រសើរ ពី​ធនធានធម្មជាតិ សម្រាប់​សហគមន៍មូលដ្ឋាន ដូចជាការធ្វើពាណិជ្ជកម្មលើធនធាន​​របស់ពួកគេ។ ​

តើ PaFF រំពឹងថា​នឹង​ជោគជ័យអ្វីខ្លះទៀតក្នុងដំណាក់កាលទី៣

PaFF ដំណាក់កាលទី ៣ អនុវត្ត​ការងារ​ ដើម្បីធ្វើឲ្យប្រាកដថា សហគមន៍អាចអនុវត្តសិទ្ធិរបស់ពួកគេក្នុងការគ្រប់គ្រង ការពារ និង ទទួលបានប្រយោជន៍ពីធនធានធម្មជាតិនៅមូលដ្ឋានរបស់ពួកគេ​ ដើម្បី ទ្រទ្រង់ជីវភាពរស់នៅ កាត់បន្ថយភាពក្រីក្រ និងបង្កើនភាពធន់នឹងវិបត្តិផ្នែកសេដ្ឋកិច្ច និងបរិស្ថាន។

ដំណាក់កាលចុងក្រោយនេះ ក៏ព្យាយាមពង្រឹងដំណើរការប្រជាធិបតេយ្យ លើកកម្ពស់នីតិរដ្ឋ និងការពារសិទ្ធិស្រ្តី ក្រុមជនជាតិដើមភាគតិច និងសមាជិកសហគមន៍ដែលមានប្រាក់ចំណូលទាបតាមរយៈការចូលរួមរបស់ពួកគេនៅក្នុងការគ្រប់គ្រងធនធានធម្មជាតិនៅតាមសហគមន៍។

តើ PaFF នឹងធ្វើអ្វីខ្លះក្នុងដំណាក់កាលទី៣?

PaFF ៣ នឹងពង្រឹងបន្ថែមទៅលើភាពជោគជ័យពីដំណាក់កាល​មុន ដើម្បីពង្រីកឧត្តមានុវត្តន៍របស់គម្រោង ដោយ​បង្កើនចំនួនសហគមន៍ព្រៃឈើដែលចូលរួមក្នុងគម្រោង ក៏ដូចជាពង្រីកទៅអនុវត្តការងារជាមួយនឹងសហគមន៍តំបន់ការពារធម្មជាតិ។ PaFF នៅតែបន្ត​ផ្តល់វគ្គបណ្តុះបណ្តាលដល់​មន្រ្តីរដ្ឋាភិបាលថ្នាក់ខេត្ត អជ្ញាធរមូលដ្ឋាន និង​សមាជិកសហគមន៍ព្រៃឈើ សហគមន៍នេសាទ និង​សហគមន៍តំបន់ការពារធម្មជាតិ។

PaFF ៣ នៅតែបន្តជួយដល់សហគមន៍ក្នុងការ​ការពារ អនុវត្ត និង​រក្សាសិទ្ធិរបស់ពួកគេលើធនធានធម្មជាតិតាមរយៈការទទួលបានសិទ្ធិស្របច្បាប់លើដីធ្លី។ គម្រោងក៏នឹង​គាំទ្រសហគមន៍ក្នុងការរៀបចំ និងអនុវត្តផែនការគ្រប់គ្រង​ធនធានធម្មជាតិរបស់ពួកគេប្រកបដោយចីរភាព​ បរិយាប័ន និងមានការចូលរួម។ PaFF នឹង​កសាងសមត្ថភាពសហគមន៍ ក្នុងការបង្កើតថ្នាលបណ្តុះកូនឈើ ការដាំឈើ សុវុឌ្ឍិកម្មព្រៃឈើ ការជម្រុញដំណុះធម្មជាតិ ការ​សម្អាតផ្លូវភ្លើង ការអនុវត្តផែនការគ្រប់គ្រងផ្សេងទៀត ការ​ធ្វើផែនការ​ហិរញ្ញវត្ថុ ការគ្រប់គ្រងជម្លោះ និង​ការតាមដាន និងវាយតម្លៃដោយមានការចូលរួម។

កម្មវិធីក៏នឹង​កំណត់វិធីសាស្រ្តសម្រាប់សហគមន៍ ក្នុងការ​បង្កើតជម្រើសមុខរបរ​ផ្សេងទៀត ដើម្បីពង្រឹង​ដល់​ការ​ស៊ាំទៅនឹង​វិបត្តិផ្សេងៗ។ ក្នុងដំណាក់កាលទី​៣ នេះ គម្រោងក៏នឹងគាំទ្រ​សហគ្រាសសហគមន៍តាមរយៈ​បង្កើតឳកាស​វិនិយោគ ធ្វើឲ្យប្រសើរនូវផែនការ​ពាណិជ្ជកម្ម និង​ការផ្សាភ្ជាប់​អ្នកផលិតទៅនឹងទីផ្សារ។

PaFF ក៏នឹងបន្តបង្កើតយន្តការហិរញ្ញប្បទានប្រកបដោយនិរន្តរភាព ដើម្បីឲ្យសហគមន៍អាចអនុវត្តផែនការគ្រប់គ្រងរបស់ពួកគេបាន និងទទួលបានប្រយោជន៍កាន់តែប្រសើរក្នុងការចូលរួមជាមួយសហគមន៍។ ក្នុងដំណាក់កាលទី ៣ នេះ កម្មវិធីនឹងបង្កើតគម្រោងឥណទានសហគមន៍ព្រៃឈើចំនួន ១៤០ ដែលមានទុនសរុបចំនួន ៣៩២.០០០ ដុល្លារអាមេរិក និងមានសមាជិកចំនួន ១៧.០០០ គ្រួសារមានសិទ្ធិខ្ចីប្រាក់ ដែលរំពឹងថានឹងអាចវិភាជថវិការសម្រាប់គ្រងគ្រងសហគមន៍ចំនួន ២.៩៤០ ដុល្លារអាមេរិក ក្នុងមួយខែ ។ កម្មវិធី ក៏នឹងបង្កើត​បរធនខ្នាតតូចចំនួន ៧៦ ដែលមានទឹកប្រាក់សរុបចំនួន ៣៨០.០០០ ដុល្លារអាមេរិក។ កម្មវិធីនឹងបន្តគាំទ្រសហគ្រាសនៅតាមសហគមន៍ តាមរយៈកាផ្តល់ឱកាសវិនិយោគ ការធ្វើផែនការអាជីវកម្មដែលមានភាពល្អប្រសើរជាងមុន និងការភ្ជាប់ទំនាក់ទំនងរវាងផលិតករ និងទីផ្សារ។ សកម្មភាពទាំងនេះ ព្រមទាំងសកម្មភាពបង្កើតប្រាក់ចំណូលដទៃទៀត ដូចជា កសិរុក្ខកម្ម ឬចំការឈើដាំ គឺជាវិភាគទានដ៏សំខាន់ដែលបង្កលក្ខណៈឲ្យសហគមន៍អាចការពារ និងអនុវត្តផែនការគ្រប់គ្រងធនធានធម្មជាតិរបស់ពួកគេប្រកបដោយចីរភាព។

PaFF ក៏នឹង​ពង្រឹងបន្ថែមនូវគោលនយោបាយ និងក្របខណ្ឌច្បាប់ ដើម្បីការផ្តល់បរិយាប័ន្ន សមធម៌ និងប្រយោជន៍ចំពោះសហគមន៍នៅមូលដ្ឋាន ក្នុងការចូលរួមគ្រប់គ្រងធនធានធម្មជាតិកាន់តែប្រសើរ។ ចំណុចនេះនឹងរួមបញ្ចូលមានការស្រាវជ្រាវ និងការវិភាគអំពីគោលនយោបាយ ដើម្បីជា​មូលដ្ឋានព័ត៌មានសម្រាប់ការកែសម្រួលច្បាប់ គោលនយោបាយ និងនីតិវិធីរដ្ឋបាល ដែលរួមចំណែកដល់ការគ្រប់គ្រងធនធានធម្មជាតិ យន្តការផ្តល់ហិរញ្ញប្បទានប្រកបដោយចីរភាព និងប្រសិទ្ធភាពផ្នែកសេដ្ឋកិច្ច។

PaFF ក៏នឹងពង្រឹង និងគាំទ្របណ្តាញសហគមន៍ព្រៃឈើ សហគមន៍នេសាទ និងសហគមន៍តំបន់ការពារធម្មជាតិ និង​បង្កើនសិទ្ធិរបស់ពួកគេ ដោយផ្តោតជាពិសេសលើជនជាតិដើមភាគតិច និងស្រ្តី ដើម្បីឲ្យពួកគេចូលលរួមយ៉ាងសកម្ម ក្នុងវេទិកាពហុភាគី ដូចនេះ ពួកគេអាចស្វែងរក​ការគាំទ្រ ដើម្បីបង្កើតបរិយាកាសគោលនយោបាយ និងនិរន្តរភាពហិរញ្ញវត្ថុ។

ដំណាក់កាលទី ៣ នេះ ក៏នឹង​បង្កើតការវិភាគស៊ីជម្រៅវិសមភាពយេនឌ័រ និង​សង្គម។ ការវិភាគនេះ នឹងជួយ​គម្រោង​ស្វែងយល់ពី​តុល្យភាពអំណាច និង​រៀបចំយុទ្ធសាស្រ្ត ដើម្បីទទួលបានបរិយាប័ន និង​មានការចូលរួមពីអ្នកពាក់ព័ន្ធ ដែល​ធ្វើការលើការ​គ្រប់គ្រង​ធនធានធម្មជាតិដោយសហគមន៍។

PaFF ៣ ក៏នឹង​បង្កើនការតាមដានលទ្ធផល ដំណើរការ និង​ឥទ្ធិពល​របស់គម្រោងទាំងមូល។ គម្រោងនឹង​ កំណត់​កត្តាដែល​ធ្វើឲ្យមាន​ការជោគជ័យ ក៏ដូចជាផ្តល់នូវ​មេរៀនក្នុងការ​គាំទ្រ​ដល់ការគ្រប់គ្រង​សហគមន៍ ផ្សេងទៀតដែល​មិនស្ថិតក្នុង​គោលដៅរបស់គម្រោង និង​ក្រោយពេលគម្រោងបានបញ្ចប់។

គោលដៅរបស់ PaFF ៣

គោលដៅសម្រាប់ដំណាក់កាលទី៣ រួមមាន

 • សហគមន៍ព្រៃឈើ៖ PaFF នឹងគាំទ្រសហគមន៍ចំនួន ១១៣ ក្នុងការ​ធ្វើនិយ័តកម្ម រៀបចំ និង​អនុវត្តផែនការគ្រប់គ្រង​សហគមន៍ព្រៃឈើ ដែលរួមមានកសិរុក្ខកម្ម ការដាំស្តារព្រៃឈើ និងការប្រមូលផល។ ដើម្បីផ្តល់ ហិរញ្ញប្បទានមួយដែលមាននិរន្តរភាពសម្រាប់​ការគ្រប់គ្រងសហគមន៍ PaFF នឹងគាំទ្រឲ្យមានឥណទានសហគមន៍ព្រៃឈើចំនួប ១១១ ក្នុងនោះ ៧៥បង្កើតថ្មី និង​៣៦ បន្តមកពីដំណាក់កាលមុន។ គម្រោងក៏នឹង​គាំទ្ររៀបចំ​បរធនខ្នាតតូចនៅសហគមន៍ព្រៃឈើចំនួន ៥៦ ដែល៥៣បង្កើតថ្មី និង៣បន្តពីដំណាក់កាលមុន។
 • សហគមន៍នេសាទ៖ PaFF នឹងគាំទ្រសហគមន៍នេសាទចំនួន ២៤ ក្នុងខេត្តស្ទឹងត្រែង ដើម្បីរៀបចំ និង​អនុវត្ត​ផែនការ​គ្រប់គ្រង។ PaFF ក៏នឹង​ផ្តល់ទុន និងដំណើរការ​ឥណទានសហគមន៍នេសាទទាំង ២៤ ដែលក្នុងនោះ ១១បង្កើតថ្មី និង ១៣បន្តពីដំណាក់កាលមុន។ គម្រោងក៏នឹង​ផ្តល់ទុន និងដំណើរការ​បរធនខ្នាតតូច​របស់​សហគមន៍នេសាទចំនួន ២០ ក្នុងនោះ៩បង្កើតថ្មី និង​១១បន្តពី​ដំណាក់កាលមុន។
 • សហគមន៍តំបន់​ការពារធម្មជាតិ៖ PaFF នឹងចម្លងគម្រូយន្តការ​ហិរញ្ញប្បទាន​ដោយសហគមន៍ព្រៃឈើដោយខ្លួនឯង នៅដំណាក់កាល​មុនៗ ដោយបង្កើត និងដំណើរការ​ឥណទានសហគមន៍នៅសហគមន៍តំបន់​ការពារ​ធម្មជាតិ​ចំនួន ៥ ដើម្បីរួម​ចំណែកក្នុងការ​អនុវត្តផែនការគ្រប់គ្រងរបស់ពួកគេ។
 • សហគ្រាសសហគមន៍៖ PaFF នឹង​បន្ត​ធ្វើ​ការ​ងារ​ជាមួយសហគ្រាសចំនួន ១១ ដែល​បង្កើតនៅដំណាក់កាលទី ២ ដើម្បី​ប្រមូលនូវគម្រូល្អៗ សម្រាប់ជាប្រភពហិរញ្ញវត្ថុ​ក្នុង​ការ​អនុវត្តផែនការគ្រប់គ្រង និង​បង្កើនជីវភាពរបស់សមាជិក​សហគមន៍។
 • ការពង្រឹងបណ្តាញ៖ PaFF ដំណាក់កាលទី៣ នឹង​ពង្រឹងបណ្តាញសហគមន៍ព្រៃឈើក្នុងខេត្តទាំង ៤ បណ្តាញសហគមន៍នេសាទចំនួន ១២ ដោយ២ នៅថ្នាក់ខេត្ត និង១០ នៅថ្នាក់ស្រុក និង​បណ្តាញសហគមន៍តំបន់ការពារធម្មជាតិ ថ្នាក់តំបន់ និង​ថ្នាក់មូលដ្ឋាន។ គម្រោង នឹងបង្កើត និង​សម្របសម្រួលបណ្តាញស្រ្តីដែល​ជាសមាជិកសហគមន៍ព្រៃឈើ ដើម្បីពួកគេអាចសិក្សាពីគ្នា និង​គាំទ្រគ្នាទៅវិញទៅមក។
 • ការភ្ជាប់ទំនាក់ទំនង និង​ការ​ស្វែងរកការគាំទ្រ៖ PaFF នឹងបន្តសម្របសម្រូលគណៈកម្មាការសម្របសម្រួលសហគមន៍ព្រៃឈើថ្នាក់ខេត្ត ក្នុងខេត្តគោលដៅទាំង ៤។ គណៈកម្មាការនេះប្រមូលផ្តុំតំណាងពីបណ្តាញសហគមន៍ព្រៃឈើ អជ្ញាធរមូលដ្ឋាន និង​មន្រ្តីរដ្ឋបាលព្រៃឈើថ្នាក់ក្រោមជាតិ។ PaFF នឹង​គាំទ្រ​សហគមន៍ព្រៃឈើ និង​បណ្តាញរបស់ពួកគេ ក្នុងការចូលរួម​ការពិភាក្សាផ្នែកគោលនយោបាយ​ដោយពឹងផ្អែកលើភស្តុតាង ដើម្បីបង្ហាញថា​ហិរញ្ញប្បទាន​សម្រាប់សហគមន៍ព្រៃឈើដោយចីរភាព និង​ការ​គាំទ្រដល់​ការអភិវឌ្ឍន៍សហគមន៍ គឺ​ជាដំណោះ​ស្រាយ​សម្រាប់ការប្រែប្រួលអាកាសធាតុ។ ការផ្តួចផ្តើម ក៏នឹងអនុវត្តរួមគ្នាជាមួយនឹង​នាយកដ្ឋានពាក់ព័ន្ធ នៅថ្នាក់​ជាតិ និងថ្នាក់ក្រោមជាតិ ដើម្បីបង្កើត​កិច្ចសហការ​ និង​ការចូលរួមពី​អ្នកពាក់ព័ន្ធក្នុងវិស័យនេះ និង​អ្នកពាក់ព័ន្ធផ្សេងទៀតដែល​នឹង​ជួយគាំទ្រដល់សហគមន៍នៅពេល PaFF ដំណាក់កាលទី៣ បញ្ចប់។ 

ក្រុមគោលដៅដែល PaFF នឹង​អនុវត្តការងាររួមជាមួយក្នុងដំណាក់កាលទី៣

នៅថ្នាក់ក្រោមជាតិ និងនៅថ្នាក់ជាតិ

 • សហគមន៍ព្រៃឈើ៖ គណៈកម្មាការសហគមន៍ សមាជិក ក្រុមឥណទាន ក្រុមសហ្រគាស
 • សហគមន៍នេសាទ៖គណៈកម្មាការសហគមន៍ សមាជិក ក្រុមឥណទាន ក្រុមសហ្រគាស
 • សហគមន៍តំបន់ការពារធម្មជាតិ៖ គណៈកម្មាការសហគមន៍ សមាជិក ក្រុមឥណទាន ក្រុមសហ្រគាស
 • បណ្តាញសហគមន៍ព្រៃឈើ ថ្នាក់ឃុំ ថ្នាក់ស្រុក និងថ្នាក់ខេត្ត
 • បណ្តាញសហគមន៍នេសាទ ថ្នាក់ស្រុក និងថ្នាក់ខេត្ត
 • បណ្តាញសហគមន៍តំបន់ការពារធម្មជាតិ ថ្នាក់មូលដ្ឋាន និងថ្នាក់តំបន់
 • គណៈកម្មាការស្រមបសម្រួលកម្មវិធីសហគមន៍ព្រៃឈីថ្នាក់ខេត្ត
 • គណៈកម្មាការសម្របសម្រួលកម្មវិធីសហគមន៍ព្រៃឈីថ្នាក់ជាតិ
 • សម្ព័ន្ធសហគមន៍តំបន់ការពារធម្មជាតិថ្នាក់ជាតិ
 • មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងខេត្តកំពង់ធំ ព្រះវិហារ ក្រចេះ និងស្ទឹងត្រែង
 • មន្ទីរបរិស្ថាន ក្នុងខេត្តកំពង់ធំ ព្រះវិហារ ក្រចេះ និងស្ទឹងត្រែង
 • នាយកដ្ឋានព្រៃឈើ និងសហគមន៍ព្រៃឈើ នៃរដ្ឋបាលព្រៃឈើ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង  នេសាទ
 • នាយកដ្ឋានអភិវឌ្ឍសហគមន៍នេសាទ នៃរដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង  នេសាទ
 • នាយកដ្ឋានជីវភាពសហគមន៍ នៃអគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន នៃក្រសួងបរិស្ថាន
 • ក្រុមការងារបច្ចេកទេសកំណែទម្រង់វិស័យព្រៃឈើ និងអនុក្រុមការងារដែលពាក់ព័ន្ធ
 • ក្រុមការងារបច្ចេកទេសស្រមាប់វិស័យជលផល
 • ក្រុមការងារបច្ចេកទេសយេនឌ័រនៃក្រសួងបរិស្ថាន
 • ក្រុមការងារបច្ចេកទេសយេនឌ័រនៃរដ្ឋបាលព្រៃឈើ

ស្វែងរកព័ត៌មាន​បន្ថែម

សម្រាប់ព័ត៌មាន​បន្ថែម អំពី PaFF សូមទំនាក់ទំនង contact us at cambodia@recoftc.org

ទាញយក ព្រឹត្តិប័ត្រ PaFF នៅទីនេះ